កម្ពុជាស្នើ UNESCO ចុះមកវាយតម្លៃការខូចខាតប្រាសាទព្រះវិហារមុនរៀបចំប្ដឹងថៃលើការបំផ្លាញ

ចែករំលែក៖

កម្ពុជា កំពុងស្នើ ឱ្យ  UNESCO បញ្ជូន អ្នក ជំនាញ មក ពិនិត្យ និង វាយ តម្លៃ ការ ខូចខាត សម្បត្តិ បេតិកភណ្ឌ ពិភពលោក ប្រាសាទព្រះវិហារ មុន នឹង រៀបចំ របាយការណ៍ ប្ដឹង ថៃលើ ការ បំផ្លាញ ដែល បាន ប្រព្រឹត្តក្នុងហេតុ ការណ៍ ប៉ះទង្គិចប្រដាប់អាវុធ៥ថ្ងៃ កាលពី ចុង ខែ កក្កដា។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិកា បាន ឱ្យ ដឹងនៅព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៥ នេះថា នៅពេល នេះ ការ វាយ តម្លៃ ពី ការ ខូច ខាត លំអិត នៅ មិន ទាន់អាច ធ្វើ ទៅ បាន ឡើយ ដោយ រង់ ចាំ ស្ថានការណ៍ ធូរ ស្រាល បន្ដិច ហើយ មាន ការប ញ្ជាក់សុវត្តិភាព ពី ស៊ីម៉ាក់សិន។ លោក បន្ថែមថាបច្ចុប្បន្ន កម្ពុជាតែង តែ ធ្វើ បច្ចុប្បន្នភាព ជូន អង្គការ  UNESCO ជានិច្ច ពី ការ វិវឌ្ឍនៃ ការ វាយ តម្លៃ និង រង់ចាំការ ចុះ មក វាយ តម្លៃ ដោយ ផ្ទាល់ ពី ក្រុម អ្នក ជំនាញ  UNESCO មុន នឹង ចេញ របាយការណ៍ ប្ដឹង ថៃឱ្យ ទទួល ខុស ត្រូវចំពោះ ការ ខូច ខាត ទាំង នេះ។

លោក ថា៖ «យើង កំពុង តែ ស្នើ សុំ ឱ្យ  UNESCO បញ្ជូន អ្នក ជំនាញការ ដើម្បី មក ជួយ វាយ តម្លៃ ការ ខូចខាត របស់ យើង ! អ៊ីចឹង របាយការណ៍ ផ្លូវ ការ នៅពេល ដែល ក្រុម អ្នក ជំនាញ ការ អន្តរជាតិ ចុះ មក វាយ តម្លៃ ហ្នឹង យើង នឹង បាន របាយការណ៍មួយ ច្បាស់ លាស់ទទួលទាំង យើង ផង ហើយ អន្តរជាតិក៏ ទទួល ស្គាល់ ការ ខូចខាត ហ្នឹង ដែរ »

លោកបន្ថែម ថា ក្រោយ ពេល ដែល វាយ តម្លៃនិង មាន របាយការណ៍ ដែល ទទួល ស្គាល់ដោយ អន្តរជាតិ រួច ក្រុម ការ ងារ អ្នក ច្បាប់ នៃ រដ្ឋាភិបាល នឹង ពិនិត្យ មើលពី ចំណាត់ ការ ផ្លូវ ច្បាប់ អន្តរជាតិ ដើម្បី ឱ្យ ថៃ ទទួល ខុសត្រូវ និង សង ការ ខូចខាតលើបេតិកភណ្ឌពិភពលោក មួយ នេះ។

របាយការណ៍ របស់ អាជ្ញាធរ ជាតិ ព្រះវិហារកាលពី ថ្ងៃទី ២៥ ខែ កក្កដា បាន បង្ហាញនូវ ទី តាំង បាញ់ ប្រហារ ពី កង ទ័ព សៀម លើ ប្រាសាទព្រះវិហារ ដែល រាប់ ទៅ មានចំនួន ១៩ ចំណុច ក្នុង នោះ គោបុរៈទី ១ ទី២ និង ទី៣ រងការបាញ់ ប្រហារ ច្រើន ជាង គេ ។

កាលពី ថ្ងៃទី២០ ខែ សីហា ឆ្នាំ២០២៥ ក្រសួងការពារ ជាតិ កម្ពុជា ក៏ បាន សម្របសម្រួលជូន ក្រុម អ្នក សង្កេតការណ៍ អន្តរកាល (IOT) ដើម្បី ចុះ ពិនិត្យ តំបន់ ជុំ វិញ និង ប្រាសាទព្រះវិហារក្រោយ ពី មាន ការ អនុវត្តបទ ឈប់ បាញ់ ។ នៅ ទី នោះឃើញ មាន ការ ខូច ខាត លើ ប្រាសាទ ជា ច្រើនដោយ សារ តែ គ្រាប់ ផ្លោងធុន ធ្ងន់ របស់ កង ទ័ព ថៃ ដូច ជា គ្រាប់១៥៥មមជាដើម។

ក្រសួងវប្បធម៌បាន ឱ្បដឹង ក្នុង សេចក្ដីថ្លែងការណ៍ កាលពី ថ្ងៃទី ២៧ ខែកក្កដា ថាសកម្មភាព បំផ្លាញ របស់ ថៃ លើ ប្រាសាទព្រះវិហារបាន បំពាន យ៉ាង ធ្ងន់ ធ្ងរ លើ អនុសញ្ញា ទី ក្រុង ឡាអេឆ្នាំ ១៩៥៤ ស្ដីពី កិច្ច ការ ពារ សម្បត្តិ វប្បធម៌ក្នុង ព្រឹត្តិ ការណ៍ ជម្លោះ ប្រដាប់ អាវុធ ពិធី សារ ទី ពីរ ឆ្នាំ ១៩៩៩ នៃ អនុសញ្ញាក្រុង ឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធ នឹង ការ ពង្រឹង កិច្ច ការពារ និង គណនេយ្យ ភាព លើ បេតិកភណ្ឌវប្បធម៌ និង អនុសញ្ញាអង្គការ យូណេស្គូឆ្នាំ ១៩៧២ ស្ដីពីការ ការ ពារ បតិកភណ្ឌវប្បធម៌ និង ធម្មជាតិ ពិភព លោក។ ក្រសួង បាន ចាត់ទុកការ បំពានច្បាប់ របស់ ថៃលើ សម្បត្តិ ពិភព លោកនេះ គឺ ជា ឧក្រិដ្ឋកម្ម សង្គ្រាម៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print