សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែសីហា រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអ៊ែលលោក Israel Katz បានប្តេជ្ញាកម្ទេចទីក្រុង Gaza City ប្រសិនបើក្រុមហាម៉ាសប៉ាឡេស្ទីន មិនយល់ព្រមរំសាយអាវុធ ដោះលែងចំណាប់ខ្មាំងទាំងអស់ដែលនៅសេសសល់ ហើយបញ្ចប់សង្រ្គាមក្រោមលក្ខខណ្ឌទាមទាររបស់អ៉ីស្រាអែលទេនោះ។
ប្រមុខការពារជាតិអ៉ីស្រាអែល បានបង្ហោះសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ឆាប់ៗនេះ ច្រកទ្វារឋាននរក នឹងត្រូវបើកចំហ ដើម្បីរង់ចាំក្រុមហាម៉ាសនៅទីក្រុង Gaza City រហូតទាល់តែពួកគេយល់ព្រមតាមលក្ខខណ្ឌរបស់អ៉ីស្រាអែល ក្នុងការបិទបញ្ចប់សង្រ្គាម ដែលជាចម្បងគឺការដោះលែងចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ និងការរំសាយអាវុធ។ ប្រសិនបើពួកគេមិនយល់ស្របទេនោះ Gaza City ដែលជារដ្ឋធានីរបស់ហាម៉ាស នឹងក្លាយដូចជាទីក្រុង Rafah និងទីក្រុង Beit Hanoun យ៉ាងដូច្នោះ។ Rafah និង Beit Hanoun គឺជាទីក្រុងពីរនៅតំបន់ហ្កាហ្សាស្រ្ទីប ដែលត្រូវបានបំផ្លិចបំផ្លាញសឹងទាំងស្រុង អំឡុងប្រតិបត្តិយោធាកន្លងមករបស់អ៉ីស្រាអែល។
សារព្រមានខាងលើធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រូបលោកបានបញ្ជាឱ្យមានការចរចាជាបន្ទាន់ ក្នុងគោលដៅរំដោះចំណាប់ខ្មាំងទាំងអស់ ដែលនៅបន្តជាប់ឃុំឃាំងក្នុងតំបន់ហ្កាហ្សា។ លោក Netanyahu បានបន្ថែមថា ការព្យាយាមប្រឹងប្រែងស្វែងរកការដោះលែងចំណាប់ខ្មាំងទាំងនោះ នឹងអមដោយប្រតិបត្តិការវាយចូលគ្រប់គ្រងទីក្រុង Gaza City ដែលជាសំបុកឈរជើងចុងក្រោយបង្អស់របស់ក្រុមហាម៉ាស។ ក្នុងសប្តាហ៍នេះ ក្រសួងការពារជាតិអ៉ីស្រាអែល បានអនុញ្ញាតការកែនកងទ័ពបម្រុងប្រមាណ ៦០ ០០០នាក់ ដើម្បីមកជួយវាយយក Gaza City៕
រូបថត: vtv