ករណីចាប់ទូកដឹកគ្រឿងសមុទ្រ ១០តោន នាំចូលពីថៃមកខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញផាកពិន័យបង់ពន្ធ ខណៈ​មនុស្ស ២នាក់ដោះលែងវិញ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ មន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានគូសបញ្ជាក់រសៀលថ្ងៃទី២២ខែសីហា ឆ្នាំ២០២៥នេះថា៖​ ករណីគ្រឿងសមុទ្រ១០តោន​ នាំចូលពីថៃមកខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានមន្ត្រីជំនាញបង្ក្រាបបាន និងផាកពិន័យបង់ពន្ធ ចំណែកមនុស្ស២នាក់ដោះលែងវិញ ព្រមទាំងមិនបានរកឃើញពីការផ្ទុកសារធាតុគីមីអ្វីឡើយ។

មន្រ្តីគយខេត្តកោះកុង បានគូសបញ្ជាក់ថា​ ទំនិញជាគ្រឿងសមុទ្រ មាន៖ ត្រីគោ មឹក ក្តាមថ្មសក និងចាក់ច្រែងប្រមាណ ១០តោន ដែលលួចលាក់ដឹកជញ្ចូនតាមទូក ហើយត្រូវនគរបាលវរសេនាតូចព្រំដែនលេខ២៦៩បង្រ្កាបបាន ត្រូវបានបង់ពន្ធពិន័យចូលរដ្ឋជាអន្តរការណ៍ទាំងច្បាប់គយ និងច្បាប់ជលផល។

ដោយឡែកឆ្លងតាមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់មន្រ្តី ក.ប.ប អំពីBorax និង Formalin ទំនិញគ្រឿងសមុទ្រខាងលើពុំមានផ្ទុកសារធាតុគីមីអ្វីឡើយ។

បើតាមលោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង បានឱ្យដឹងថា​ ពាក់ព័ន្ធនឹងជនសង្ស័យចំនួន២នាក់​ ដែលលួចលាក់ដឹកទំនិញខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាដោះលែងទៅលំនៅដ្ឋានវិញហើយ ដោយនេះជាការសម្រេចរបស់ថ្នាក់ដឹកនាំ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print