កាលពីថ្ងៃទី២២ខែសីហា បណ្តាប្រទេសមហាអំណាចអឺរ៉ុប រួមមាន បារាំង អង់គ្លេស អាល្លឺម៉ង បានព្រមព្រៀងគ្នាបន្តកិច្ចពិភាក្សាស្តីពីកម្មវិធីនុយក្លេអ៊ែរ ជាមួយអុីរ៉ង់នៅក្នុងសប្តាហ៍ក្រោយ។
ការយល់ព្រមនេះកើតឡើងខណៈដែលមហាអំណាចអឺរ៉ុបទាំងបី (E3) បានគំរាមដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញលើអ៉ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនព្រមត្រឡប់មកតុចរចាទេ។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានបញ្ជាក់ថា កិច្ចចរចានឹងបន្តនៅសប្តាហ៍ក្រោយ ប៉ុន្តែបានដាក់ឱសានវាទយ៉ាងច្បាស់ទៅកាន់អ៉ីរ៉ង់ថា ទណ្ឌកម្មនឹងត្រូវបានដាក់ឡើងវិញដោយស្វ័យប្រវត្តិ ប្រសិនបើមិនមានកិច្ចព្រមព្រៀងពិតប្រាកដមួយត្រូវបានសម្រេចនោះទេ។ លោកបានសង្កត់ធ្ងន់ថា «ពេលវេលាកាន់តែខើចទៅៗហើយ» ហើយអ៉ីរ៉ង់ត្រូវតែបង្ហាញឆន្ទៈពិតប្រាកដជាបន្ទាន់។
ជាការឆ្លើយតបវិញ លោក Araqchi បានព្រមានយ៉ាងច្បាស់ថា មហាអំណាចអឺរ៉ុប «គ្មានសិទ្ធិទាំងផ្នែកច្បាប់ និងសីលធម៌» ក្នុងការដាក់ទណ្ឌកម្មឡើងវិញនោះទេ ហើយបានព្រមានពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើពួកគេនៅតែបន្តធ្វើសកម្មភាពបែបនេះ នេះបើយោងតាមការដកស្រង់របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់។
កិច្ចចរចានុយក្លេអ៊ែររវាងអ៉ីរ៉ង់ និងសហរដ្ឋអាមេរិកត្រូវបានផ្អាក បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៉ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនក្នុងអំឡុងសង្គ្រាមរយៈពេល ១២ថ្ងៃកាលពីខែមិថុនា។ ចាប់តាំងពីពេលនោះមក អ្នកត្រួតពិនិត្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) មិនអាចចូលទៅកាន់ទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់បានឡើយ។ ទោះជាយ៉ាងណា ទីភ្នាក់ងារ IAEA និងនាយកស៊ើបការណ៍សម្ងាត់ជាតិអាមេរិក សុទ្ធតែបានបញ្ជាក់ថា ពួកគេមិនបានរកឃើញភស្តុតាងណាមួយដែលបង្ហាញថា អ៉ីរ៉ង់កំពុងឈានទៅរកការផលិតអាវុធនុយក្លេអ៊ែរនោះទេ៕ ដោយធីរីណា
រូបថត: VOV