ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធាន លោក-លោកស្រី ជាសមាជិក-សមាជិកា នៃគណៈកម្មការអន្តរក្រសួង និងតំណាងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ ប្រព្រឹត្តទៅក្រោមរបៀបវារៈ ដូចខាងក្រោម៖
១. ប្រកាសសមាសភាពថ្មី គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំនិងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ
២. ស្តាប់របាយការណ៍វឌ្ឍនភាពនៃការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន និងការត្រៀមលក្ខណៈរៀបចំនិងចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី២២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ – ២១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី សារធារណរដ្ឋ ប្រជាមានិតចិន និង
៣. ពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងប្លង់ និងការរចនាពន្លាជាតិកម្ពុជា សម្រាប់ពិព័រណ៍ចិន-អាស៊ាន លើកទី២២ ៕
ដោយ ៖ សិលា