ខេត្តកណ្ដាល៖ ក្មេងទំនើងប្រុស-ស្រី៩នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមនេះកំពុងជួប ជុំគ្នានិងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ សីហា ២០២៥ វេលាម៉ោង ១១និង៣៥ នាទី នៅលើផ្លូវបេតុងក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ៩នាក់ (ប្រុស៧នាក់,ស្រី ២នាក់) ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ជនសង្ស័យទាំងនោះមានឈ្មោះ ចំរើន ស៊ីណា ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះ ឈុំ លីហួរ ភេទប្រុស អាយុ២០ឆ្នាំ, ឈ្មោះថន មករា ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ទីន លីហ័រ ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ខៀវ ហនចន្នី ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ ម៉ៃ ចាន់ធួន ភេទប្រុស អាយុ១៧ឆ្នាំ,ឈ្មោះ ធីង អេច ភេទប្រុស អាយុ១៩ឆ្នាំ, ឈ្មោះ វង់ លីណា ភេទស្រី អាយុ១៦ឆ្នាំ និងឈ្មោះ ភាន ស្រីនិច្ច ភេទស្រី អាយុ ២០ឆ្នាំ។ ពួកគេទាំងអស់គ្មានផ្ទុកសារធាតុញៀនក្នុងខ្លួនទេ។
លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលពើក បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះទៅដល់ទីតាំងកើតហេតុ។ ពេលទៅដល់ សមត្ថកិច្ចបានប្រទះ ឃើញជនសង្ស័យទាំង ៩នាក់កំពុងជួបជុំគ្នាជិះម៉ូតូចំនួន ៥គ្រឿង។
នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជួបជុំគ្នានិងជិះបង្ហោះម៉ូតូមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនលើកមកហើយនៅតាមផ្លូវសាធារណៈ។ ម៉ូតូទាំង ៥គ្រឿងដែលដកហូតបានរួមមាន ម៉ាក Honda C125 ៣គ្រឿង, ម៉ាក Scoopy ១គ្រឿង និងម៉ាក Nice ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការអប់រំរយៈពេល ៣៦ ទៅ ៤៨ម៉ោង ឲ្យធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ៕