ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ សីហា ២០២៥នេះបានជូនដំណឹង ដល់សាធា រណជនទាំងអស់ នៅក្នុងរាជធានីភ្នំពេញ មេត្តាជ្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៤- ២០២៥ សម័យប្រឡង ២៨-២៩ សីហាឆ្នាំ២០២៥។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ជាពិសេសធានារក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ តម្លា ភាព និង របៀបរៀបរយសាធារណៈនៅជុំវិញមណ្ឌលប្រឡងទាំង ៣៥មណ្ឌល ក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមជូន ដំណឹងដល់បងប្អូនអាជីវករដែលប្រកបអាជីវកម្មជុំវិញបរិវេណមណ្ឌលប្រឡង (ដូចមានក្នុងឯកសារឧបសម្ព័ន្ធ)ដូចខាងក្រោម៖ ទី,១- ផ្អាកជាបណ្តោះអាសន្នចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អិនធឺណិត និងអាជីវកម្មលក់សម្ភារៈសិក្សា គ្រប់ប្រភេទ ចាប់ពីថ្ងៃទី២៨- ២៩ ខែសីហា ឆ្នាំ២០២៥ ។ ទី ២- ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ការដ្ឋានសំណង់នានា ដែលស្ថិតនៅ ជុំវិញបរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ។ ទី ៣- ទីតាំងអាជីវកម្មផ្សេងទៀត រួមទាំងការដ្ឋានសំណង់ ដែលស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសំឡេង រំខាន ឬ សកម្មភាពនានាដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន ។ ទី ៤- សម្រាប់ភ្ញៀវទេសចរដែលស្នាក់នៅក្នុងសណ្ឋាគារ អគារស្នាក់នៅរួម ផ្ទះសំណាក់ ឬ ផ្ទះជួលបណ្តោះអាសន្ន ដែលស្ថិតនៅជុំវិញបរិវេណមណ្ឌលប្រឡង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចេញ-ចូលជាធម្មតា។
៥- ដោយឡែកសម្រាប់ការផ្ញើកង់-ម៉ូតូនៅតាមមណ្ឌលប្រឡង មិនត្រូវបានបង់ប្រាក់ឡើយ។ អាស្រ័យហេតុនេះ សូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មេត្តាជ្រាប និងយោគយល់ដោយសេចក្តី អនុគ្រោះ។ ក្រោយផុតរយៈពេលនៃការប្រឡង បងប្អូនអាជីវករទាំងអស់អាចបើកដំណើរការអាជីវកម្មជាធម្មតាឡើងវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងបងប្អូនអាជីវករពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយ អនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ៖ សំរិត