ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់មានប្រវត្តិធ្លាប់ជាប់ពន្ធនាគារចំនួន៣លើកពីបទលួច ក្រោយពីចេញមកវិញ បានទៅលួចកាត់ខ្សែភ្លើងដើម្បីលក់យកលុយទិញស្រា តែមិនបានសម្រេចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទៀត ដោយហេតុការបានកើតឡើងកាលពីវេលាម៉ោង ១១និង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
លោកវរសេនីយ៏ត្រី ព្រឹម ទៀក នាយប៉ុស្តិ៍នគរបាលដើមមៀន ប្រាប់ឲ្យដឹងថា ជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះឡើយ។ ចំនែកជនសង្ស័យឈ្មោះ សែន រិទ្ធីយ៉ា (ហៅវ៉ឹត) ភេទប្រុសអាយុ២៨ឆ្នាំ ជនជាតិខ្មែរ គ្មានមុខរបរពិតប្រាកដ ព្រមទាំងមានវិជ្ជមានសារធាតុញៀន និងមានទីលំនៅ ក្នុងភូមិសង្កាត់កើតហេតុ មានប្រវត្តិធ្លាប់ជាប់ពន្ធធនាគារចំនួន០៣លើក ដោយលើកទី១ ពីបទហិង្សាដោយចេតនា ,លើកទី២ ពីបទលួចម៉ូតូ ,លើកទី៣ ពីបទលួចរទេះរុញ និងលើក៤នេះ កំពុងត្រៀមខ្លួនចូលទៅពន្ធនាគារវិញ។ រួមជាមួយវត្ថុតាងចាប់យកមានដង្កាប់ដែកដងជរ័ពណ៌លឿងលាយក្រហមចំនួន០១ ។
លោកនាយប៉ុស្តិ៍បន្តទៀតថា នៅវេលាកើតហេតុ ជន សង្ស័យបានផឹកស្រាថ្នាំ ផឹកបានមួយសន្ទុះក៏អស់ស្រា ហើយចង់ផឹកបន្តទៀតតែអត់លុយ ទើបជនសង្ស័យ សំរេចចិត្តទៅលួចកាត់ខ្សែភ្លើងនៅចំណុចទីតាំងកើត ហេតុ ប៉ុន្តែដោយលួចកាត់ខ្សែភ្លើងបានខ្សែតែមួយចំហៀង ឯមួយចំហៀងទៀតកាត់មិនដាច់ ទើបជន សង្ស័យត្រលប់ទៅផ្ទះរបស់ខ្លួនវិញ។
ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច សមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ក៏បានចុះទៅឃាត់ខ្លួនសួរនាំនិងបញ្ចូនមកកាន់អធិការដ្ឋានក្រុងតាខ្មៅតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតែមិនបានសំរេចប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕