ខេត្តកណ្ដាល៖ យុវជន ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានព្យាយាមរត់គេចខ្លួនពេលសមត្ថកិច្ចចុះល្បាត ហើយត្រូវរកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅ។ ជនសង្ស័យទាំងពីរនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៣០នាទី នៅលើផ្លូវក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ ខ្លួនបានមានឈ្មោះស៊ីម សប្តាហ៍ ភេទប្រុស អាយុ ២០ ឆ្នាំ និងឈ្មោះ ធុច វិសាល ភេទប្រុស អាយុ ២៥ឆ្នាំដែលពួកគេទាំងពីរនាក់ជាកម្មកររោងចក្រ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានថ្នាំញៀនចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,០៤ក្រាម និងឧបករណ៍ប្រើប្រាស់មួយចំនួន។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា បានចេញល្បាតតាមភូមិសាស្រ្តដែលតែងតែមានការប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន។ ពេលទៅដល់ទីតាំង ក៏បានជួបជនសង្ស័យឈ្មោះ ស៊ីម សប្តាហ៍ កំពុងដើរ តាមផ្លូវ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅសួរនាំ ប៉ុន្តែជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវឃាត់ខ្លួនបាន។ ពេលឆែកឆេរ សមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូចលាក់ទុកក្នុងហោប៉ៅខោមុខខាងឆ្វេង។
ក្រោយសួរនាំ ជនសង្ស័យឈ្មោះ ស៊ីម សប្តាហ៍ ឆ្លើយសារភាពថា ថ្នាំញៀននោះគឺខ្លួនឲ្យលុយ ៥០.០០០រៀល ទៅឲ្យឈ្មោះ ធុច វិសាល ដើម្បីទៅទិញ។ ផ្អែកលើចម្លើយនេះ កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជន សង្ស័យឈ្មោះ ធុច វិសាល នៅវេលាម៉ោង ៦:៣០នាទីព្រឹកថ្ងៃទី២៧ សីហា ដើម្បីសាកសួរបន្ត។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀននោះគឺពួកគេបានចូលលុយគ្នាទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅខាងត្បូងវត្តឧទុម្ពរ ដើម្បីយកមកប្រើប្រាស់ទាំងអស់គ្នា។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕