ខេត្តព្រះវិហារ-ឧត្តរមានជ័យ ៖ គណៈប្រតិភូ សភា សហ រដ្ឋ អាមេរិក (CODEL) ដឹកនាំដោយលោកស្រី Beth Van Duyne ប្រធានគណៈ ប្រតិ ភូ និងជាសមាជិកសភាប្រចាំរដ្ឋ Texas នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះទៅត្រួតពិនិត្យដោយ ផ្ទាល់ នូវស្ថានភាពរបស់ជនភៀសសឹក នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
ដំណើរចុះទៅពិនិត្យស្ថានភាពជនភៀសសឹករបស់កម្ពុជានាពេលនេះ គឺជាការឈ្វេង យល់មួយពីទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ដែលកើតចេញពីសង្គ្រាមឈ្លាន ពាន របស់ថៃ។
សូមបញ្ជាក់ថា គណៈប្រតិភូសភាសហរដ្ឋអាមេរិកកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា។ គណៈប្រតិភូ បានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ឧបនាយក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។
ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី និងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, គណៈប្រតិភូសភាអាមេរិក បានបញ្ជាក់ថា អាមេរិក នឹងបន្តយកចិត្តទុកដាក់លើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ។
សូមជម្រាបថា ៖ រសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕
ដោយ ៖ សិលា