លោក Anutin ប្រធានគណបក្សភូមិចៃថៃ មានភាគរយខ្ពស់ក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ថៃ !

ចែករំលែក៖

ទីក្រុង​បាងកក៖ បើតាមសារព័ត៌មានថៃ The Nation ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥​ បានចុះផ្សាយថា​ មេដឹកនាំគណបក្ស Bhumjaithai លោក Anutin Charnvirakul នៅថ្ងៃសុក្រ ទី២៩ ខែសីហា បានប្រកាសពីគោលបំណងចូលរួមប្រជែងយកតំណែងជានាយករដ្ឋមន្រ្តីថ្មីរបស់ថៃ ខណៈគណបក្សរបស់លោកទទួលបានការសន្យាគាំទ្រពីសមាជិករដ្ឋសភា ២៧៩រូប បន្ទាប់ពីលោកស្រី Paetongtarn Shinawatra ត្រូវបានដកហូតតំណែងនាយករដ្ឋមន្រ្តីជាផ្លូវការ ដោយតុលាការធម្មនុញ្ញនៃប្រទេសថៃ សម្រាប់ការរំលោភបំពានក្រមសីលធម៌នៃរដ្ឋធម្មនុញ្ញ ក្រោយលោកស្រីឡើងកាន់អំណាចបានត្រឹម១ឆ្នាំ។

នៅឯសន្និសីទសារព័ត៌មានជាមួយសម្ព័ន្ធមិត្តមកពីគណបក្សផ្សេងៗ លោក Anutin បាននិយាយថារូបលោកបានត្រៀមខ្លួនជាស្រេច ដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី៣២របស់ថៃ។ លោកបានអះអាងទៀតផងថា រូបលោកបានត្រៀមលក្ខណៈសម្រាប់តំណែងជានាយករដ្ឋមន្ត្រី តាំងតែពីឆ្នាំ២០១៩មកម្ល៉េះ ហើយជឿជាក់ថា រូបលោកបច្ចុប្បន្នមានសំឡេងគាំទ្រពីសមាជិករដ្ឋសភាថៃដើម្បីបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្នមួយ។
បន្ទាប់ពីយល់ព្រមលើលក្ខខណ្ឌរបស់គណបក្សប្រជាជន People’s Party (អតីតគណបក្ស Move Forward) លោក Anutin បានសុំពេល៤ខែ ដើម្បីផ្តោតលើការអភិវឌ្ឍជាតិ។ គណបក្ស People’s Party បានប្រកាសថា ខ្លួននឹងបោះឆ្នោតគាំទ្រនាយករដ្ឋមន្ត្រីថ្មី លុះត្រាតែរដ្ឋាភិបាលថ្មីនោះ យល់ព្រមរំលាយសភា និងរៀបចំការបោះឆ្នោតសកលមុនអាណត្តិ ក្នុងរយៈពេល៤ខែ បន្ទាប់ពីឡើងកាន់តំណែង។

គណបក្ស Bhumjaithai ដែលមានអាសនៈសភា ៦៩អាសនៈបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សជាច្រើន ក្នុងនោះរួមមានគណបក្ស People’s Party (១៤២អាសនៈ), Palang Pracharath Party (១៨អាសនៈ), Kla Tham Party (២៦អាសនៈ), United Thai Nation Party (១៨អាសនៈ ), Thai Sang Thai Party (២អាសនៈ) រួមទាំង អាសនៈសរុប៤ផ្សេងទៀតមកពីក្រុមគណបក្សដែលមាន១មួយអាសនៈក្នុងរដ្ឋសភាដូចជាគណបក្ស New Democracy Party។ គណបក្សទាំងអស់នេះបានសន្យាថានឹងបោះឆ្នោតគាំទ្រលោក Anutin។
ប្រសិនបើទទួលបានការគាំទ្រពិតមែន ក្រុមចម្រុះណាមួយដឹកនាំដោយគណបក្ស Bhumjaithai នឹងមានអាសនៈនៅក្នុងដៃ ២៧៩អាសនៈ ក្នុងចំណោមអាសនៈសរុប ៤៩២អាសនៈ នៃរដ្ឋសភា ហើយដែលនេះមានន័យថា ប្លុករបស់បក្សភឿថៃ នឹងថយអាសនៈមកនៅត្រឹម ២១៣អាសនៈប៉ុណ្ណោះ។ Bhumjaithai ធ្លាប់ជាអតីតបក្សមួយស្ថិតក្នុងក្រុមចម្រុះដឹកនាំដោយគណបក្សភឿថៃ ហើយបានប្រកាសចែកផ្លូវជាមួយក្រុមចម្រុះនេះកាលពីខែមិថុនាកន្លងទៅ។

គួរបញ្ជាក់ថា បេក្ខជនម្នាក់ត្រូវការសំឡេងគាំទ្រតែងតាំងពីសមាជិកសភាយ៉ាងហោច៥០នាក់ មុនពេលការបោះឆ្នោតជ្រើសរើសអាចប្រព្រឹត្តទៅ។ សំឡេងគាំទ្រ​លើសពីពាក់កណ្តាល នៃចំនួនសមាជិករដ្ឋសភានាពេលបច្ចុប្បន្នសរុប៤៩២នាក់ ឬស្មើនឹង២៤៧សំឡេង ត្រូវការចាំបាច់ដើម្បីក្លាយជានាយករដ្ឋមន្រ្តី។ ប្រសិនបើបេក្ខជនទទួលបរាជ័យ រដ្ឋសភាត្រូវបើកកិច្ចប្រជុំសាជាថ្មី ហើយនីតិវិធីនេះ នឹងត្រូវបន្តដដែល សម្រាប់បេក្ខជនណាដែលត្រូវបានតែងតាំងឈ្មោះ រហូតទាល់តែនាយករដ្ឋមន្រ្តីថ្មី ត្រូវបានជ្រើសរើស ដោយគ្មានពេលវេលាកំណត់នោះទេ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print