ខេត្តកំពង់ស្ពឺ៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថស្រុកសាមគ្គីមុនីជ័យធ្វើការឃាត់ខ្លួន ខណៈដែលវាយបំផ្លិចបំផ្លាញសម្ភារៈក្នុងផ្ទះ ហើយថែមទាំងគំរាម កំហែងសម្លាប់ឪពុក ម្តាយ ទ្រាំលែងបានក៏ដាច់ចិត្តប្តឹងឱ្យកម្លាំងកងរាជអាវុធហត្ថឃាត់តែម្តងទៅ។
ការឃាត់ខ្លួនកូនប្រុសចិត្តសាហាវគំរាមកំហែងឪពុក ម្តាយ បានកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅក្នុងភូមិឡានឆេះ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានឱ្យដឹងថា កាល ពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឈ្មោះ បុក ហៀង (ជាឪពុកបង្កើត) អាយុ៥៦ឆ្នាំ មុខរបរ គ្រូបង្រៀន រស់ក្នុងភូមិឡានឆេះ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានដាក់ពាក់បណ្តឹងតាមលេខទូរស័ព្ទអនឡាញ(១២៩២) ថាមានករណីហិង្សាក្នុងគ្រួសារ ដោយកូនប្រុសបង្កើតបានវាយបំផ្លិចបំផ្លាញសំភារៈក្នុងផ្ទះ ជេរប្រមាថឪពុកម្តាយនិងគំរាមកំហែងម្តាយបង្កើតថែមទៀតផង។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹងរួច នៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសាមគ្គីមុនីជ័យ បានចុះដល់ទីតាំងកើត ហេតុបានឃាត់ខ្លួនជនសង្ស័យជាកូនឈ្មោះ ហៀង គីមឡា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក រស់ នៅជាមួយឪពុកម្តាយ នៅភូមិឡានឆេះ ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមមុនីជ័យ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នជនសង្ស័យជាកូនបង្កើត ត្រូវឃាត់ខ្លួនសួរនាំ និងបានបញ្ជូនបន្តទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕