បាតុកម្មរាលដាលទ្រង់ទ្រាយធំ ប្រធានាធិបតីឥណ្ឌូណេស៉ី លុបចោលគម្រោងទស្សនកិច្ចទៅកាន់ប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា កាលពីថ្ងៃសៅរ៍ ទី៣០ ខែសីហា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលុបចោលគម្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ស្របពេលដែលការផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ បានបន្តរីករាលដាលខ្លាំងលើសពីរដ្ឋធានីហ្សាការតា ដោយអគារសភាប្រចាំតំបន់មួយចំនួន ត្រូវបានដុតបំផ្លាញ។

លោក Prabowo កន្លងមក បានគ្រោងធ្វើដំណើរទៅចូលរួមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះនៅចិន នាថ្ងៃទី៣ ខែកញ្ញា ដែលត្រូវជាខួបទី៨០ នៃការបញ្ចប់សង្រ្គាមលោកលើកទី២ ក្រោយជប៉ុនប្រកាសចុះចាញ់សង្រ្គាមជាផ្លូវការ។ អ្នកនាំពាក្យប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prasetyo Hadi បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោក Prabowo ចង់នៅបន្តឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសដោយផ្ទាល់ ហើយស្វែងរកដំណោះស្រាយដែលប្រសើរបំផុត ដូច្នេះហើយលោកសុំអភ័យទោសចំពោះរដ្ឋាភិបាលចិន ដែលរូបលោកមិនអាចទៅចូលរួមតាមការអញ្ជើញ។ បើតាមលោក Prasetyo គម្រោងធ្វើទស្សនកិច្ចទៅចូលរួមមហាសន្និបាត UN ក្នុងខែកញ្ញានេះ ក៏កំពុងស្ថិតក្រោមការពិចារណាលុបចោលផងដែរ។
ការផ្ទុះបាតុកម្មខាងលើ ដែលជាការធ្វើតេស្តធំលើកដំបូងបំផុត សម្រាប់រដ្ឋាភិបាលលោក Prabowo ដែលទើបឡើងកាន់អំណាចបានជិតមួយឆ្នាំ បានចាប់ផ្តើមនៅទីក្រុងហ្សាការតាក្នុងសប្តាហ៍នេះ ជុំវិញការដំឡើងប្រាក់បៀវត្សរ៍ឱ្យតំណាងរាស្រ្ត ហើយបានវិវត្តកាន់តែធ្ងន់ធ្ងរខ្លាំង បន្ទាប់ពីរថយន្តប៉ូលិសបានបើកបុកជនស៉ីវិលម្នាក់ស្លាប់ អំឡុងបាតុកម្មតវ៉ារបស់និស្សិតមួយក្រុម កាលពីយប់ថ្ងៃព្រហស្បតិ៍៕

...

រូបថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print