ខេត្តកំពង់ចាម-ត្បូងឃ្មុំ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងតាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ បម្រើដល់ការដឹកជញ្ជូនទំនិញកសិផលទៅកាន់ទីផ្សារ ទាក់ទាញការវិនិយោគ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា ស្ពាននេះ គឺជាស្ពានយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ក្នុងវិស័យដឹកជញ្ជូន មានប្រវែង ១ ១៣១ម៉ែត្រ ទទឹង ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានបើកការដ្ឋានសាងសង់ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ និងបញ្ចប់ការសាងសង់ នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១៕