ស្គាល់គ្នាតែមួយភ្លែត ហ៊ានលួចទ្រព្យសម្បត្តិម្ចាស់ផ្ទះ តែត្រូវម្ចាស់តាមឃាត់ខ្លួនបានវិញនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីវ័យក្មេងម្នាក់ត្រូវបានម្ចាស់ផ្ទះតាមឃាត់ខ្លួនបានវិញ បន្ទាប់ពីនាងបានលួចយកទូរស័ព្ទដៃនិងខ្សែដៃប្លាទីនក្នុងផ្ទះ ខណៈដែលម្ចាស់ផ្ទះកំពុងងូត ទឹក។ ហេតុការណ៍លួចនេះបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង៣០នាទី នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ហើយជន សង្ស័យត្រូវបានឃាត់ខ្លួនបាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅម្តុំណាហ្គាវើល រាជធានីភ្នំពេញ។

លោកវរសេនីយ៍ត្រី ផន លីកូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្ដុលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គូ សោភ័ណ្ឌភេទស្រី អាយុ២២ឆ្នាំ)។សម្ភារៈដែលបាត់បង់មានខ្សែដៃប្លាទីន ១ខ្សែ តម្លៃ ២៩០ដុល្លារ និងទូរស័ព្ទដៃម៉ាក iPhone 12 Pro Max ពណ៌ទឹកមាស ១គ្រឿង។ ចំណែកជនសង្ស័យមានឈ្មោះ កេត ពេជ្រច័ន្ទមរកត (ស្រី, ១៩ឆ្នាំ) ដែលគ្មានមុខរបរពិតប្រាកដ រស់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកនាយប៉ុស្តិ៍បានបន្តថា ជនរងគ្រោះនិងជនសង្ស័យទើបតែស្គាល់គ្នាក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ នៅថ្ងៃកើតហេតុ ជនសង្ស័យបានមកអង្គុយលេងនៅផ្ទះជនរង គ្រោះ។ ពេលនោះ ជនរងគ្រោះបានផ្ញើកូនប្រុសអាយុ ៧ខែឲ្យជនសង្ស័យជួយមើលបន្តិច ហើយខ្លួនក៏ចូលទៅងូតទឹក។ លុះពេលចេញមកវិញ ក៏បាត់ជនសង្ស័យ ឃើញតែកូននៅក្នុងរទេះតែម្នាក់ឯង និងទ្វារផ្ទះចំហ។ ពេលចូលទៅក្នុងផ្ទះ ឃើញមានការរើកកាយរកទ្រព្យ សម្បត្តិ ហើយក៏ដឹងថាបានបាត់បង់ខ្សែដៃប្លាទីន ទូរស័ព្ទដៃ និងអត្តសញ្ញាណប័ណ្ណ ១សន្លឹក។

ក្រោយរយៈពេល ១៧ថ្ងៃ ក្រោយមកគឺនៅថ្ងៃទី៣១ ខែ សីហា ជនរងគ្រោះបានតាមដានទូរស័ព្ទដែលបាត់តាម រយៈ Booking App ហើយប្រទះឃើញជនសង្ស័យនៅម្តុំណាហ្គាវើល រាជធានីភ្នំពេញ។ ជនរងគ្រោះក៏បានទៅឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ជូនសមត្ថកិច្ចនៅប៉ុស្តិ៍តាក្ដុល ក្រុងតាខ្មៅ ព្រមទាំងដកហូតបានទូរស័ព្ទដៃដែលបាត់មកវិញ។

...

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកខ្សែដៃប្លាទីន និងទូរស័ព្ទដៃរបស់ជនរងគ្រោះប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print