ចំនួនអ្នកស្លាប់និងរបួសដោយសារគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថានកាលពីយប់ថ្ងៃទី៣១ ខែសីហា បានកើនឡើងដល់ជិត ៤,០០០នាក់ហើយ ដោយប្រទេសអ៊ីរ៉ង់ ឥណ្ឌា ចិន និងអង្គការសហប្រជាជាតិបានសម្តែងការរំលែកទុក្ខ និងសន្យាគាំទ្រ។
យោងតាមសារព័ត៌មាន Reuters គិតត្រឹមរសៀលថ្ងៃទី១ ខែកញ្ញា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃទី៣១ ខែសីហា បានឆក់យកជីវិតមនុស្សជាង ៨០០នាក់ និងរបួសយ៉ាងតិច ៣.០០០នាក់។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់លោក Zabihullah Mujahidបានបញ្ជាក់ថា ការរញ្ជួយដីបានសម្លាប់មនុស្ស ៨១២ នាក់នៅក្នុងខេត្តភាគខាងកើតពីរគឺ Kunar និង Nangarhar ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់តំបន់ភ្នំដាច់ស្រយាលនៅជិតព្រំដែនប៉ាគីស្ថាន ជាកន្លែងដែលផ្ទះភក់នៅលើជម្រាលភ្នំបានដួលរលំ ហើយបណ្តាញទូរស័ព្ទចល័តត្រូវបានកាត់ផ្តាច់។
រដ្ឋាភិបាលតាលីបង់បាននិយាយថា ខ្លួនបានចល័តកម្លាំងរបស់ខ្លួនទាំងអស់ដើម្បីពន្លឿនកិច្ចប្រឹងប្រែងជួយសង្គ្រោះក្នុងគោលបំណងផ្តល់ជំនួយគ្រប់ជ្រុងជ្រោយចាប់ពីសន្តិសុខដល់ស្បៀងអាហារនិងសុខភាព។
លោក Thamindri de Silva នាយកប្រចាំប្រទេសនៃអង្គការមនុស្សធម៌ពិភពលោក World Vision Afghanistan បាននិយាយថា ដោយសារតែតំបន់រងផលប៉ះពាល់ជាច្រើននៅដាច់ស្រយាល និងពិបាកទៅដល់ ដូច្នេះទំហំនៃការបំផ្លិចបំផ្លាញនៅមិនទាន់ច្បាស់នៅឡើយ។ ទោះយ៉ាងណាក៏ដោយ ជ្រលង Mazar (ស្រុក Nurgal ខេត្ត Kunar) ហាក់ដូចជា “ចំណុចកណ្តាល” ដោយមានភូមិមួយ “ត្រូវបានបំផ្លាញទាំងស្រុង” ។
លោកស្រីបានប្រាប់ Al Jazeera ថា “នេះគឺជាតំបន់ដាច់ស្រយាល និងក្រីក្របំផុតមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន” ដោយកត់សម្គាល់ថា តំបន់នេះស្ទើរតែគ្មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមានកម្រិតខ្លាំង និងកង្វះសម្ភារៈបរិក្ខារពេទ្យ និងសាលារៀនទាំងស្រុង។ ផ្ទះនៅទីនេះភាគច្រើនសង់ពីភក់ ដោយមិនមានការពង្រឹងអ្វីបន្តិចឡើយ។
ដោយមើលឃើញហេដ្ឋារចនាសម្ព័ន្ធផុយស្រួយ លោក Silva បាននិយាយថា ការរញ្ជួយដីកម្រិតមធ្យមក៏អាចបណ្តាលឱ្យផ្ទះ “ដួលរលំទាំងស្រុង” ដែលមានន័យថា “មនុស្សជាច្រើននឹងត្រូវកប់” ។ Silva បាននិយាយថា “ពេលវេលាពិតជាកត្តាសម្រេចចិត្តក្នុងស្ថានភាពនេះ”។
អ្នកស្រុកម្នាក់បាននិយាយថា “ក្មេងៗជាប់នៅក្រោមគំនរបាក់បែក មនុស្សចាស់នៅក្រោមគំនរបាក់បែក ” ដោយបន្ថែមថាភូមិរបស់គាត់ទាំងមូលត្រូវបានរាបស្មើ។ គាត់បានអង្វរថា៖ «យើងត្រូវការជំនួយ យើងត្រូវការអ្នករាល់គ្នាមកទីនេះ ហើយជួយទាញអ្នកនៅរស់ចេញពីគំនរបាក់បែក»។
អ្នកនាំពាក្យក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន Sharafat Zaman បានអំពាវនាវឱ្យសហគមន៍អន្តរជាតិផ្តល់ជំនួយ ដើម្បីជួយដល់លទ្ធផលនៃគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ ដែលបានវាយប្រហារនៅពាក់កណ្តាលអធ្រាត្រ ដោយចំណុចកណ្តាលរបស់វានៅជម្រៅប្រហែល ១០គីឡូម៉ែត្រ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ជូនជំនួយមនុស្សធម៌ រួមទាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេស S. Jaishankar បានបញ្ជាក់ថា ទីក្រុងញូវដែលីនឹង “គាំទ្រអាហ្វហ្គានីស្ថានក្នុងគ្រាចាំបាច់នេះ” និងបង្ហាញ “សាមគ្គីភាពជាមួយប្រជាជនអាហ្វហ្គានីស្ថាន”។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានបង្ហោះសារដោយនិយាយថា លោក “ឈរក្នុងសាមគ្គីភាពពេញលេញជាមួយប្រជាជនអាហ្វហ្គានីស្ថាន បន្ទាប់ពីគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ” និងបានសម្តែងនូវ “ការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារជនរងគ្រោះ និងសូមជូនពរឱ្យអ្នករងរបួសឆាប់ជាសះស្បើយ”៕
រូបថត: x