ទិដ្ឋភាពនៃពិធីព្យុហយាត្រាទ្រង់ទ្រាយធំ ក្នុងខួប៨០ឆ្នាំថ្ងៃវៀតណាមបានប្រកាសឯករាជ្យរបស់ខ្លួនពីនឹមអាណានិគមបារាំង នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ជាមួយការធ្វើព្យុហយាត្រាយោធា ដ៏ធំមួយរបស់ខ្លួនក្នុងពេលប៉ុន្មានទសវត្សរ៍មកនេះ និងការដោះលែងអ្នកទោសជិត ១៤ ០០០នាក់។
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវក្នុងរដ្ឋធានីហាណូយ ក្នុងនោះភាគច្រើនពាក់អាវយឺតពណ៌ក្រហម និងដៃកាន់ទង់ជាតិវៀតណាម ជាការបង្ហាញពីស្មារតី ជាតិនិយម។ នៅឯពិធីព្យុហយាត្រាយោធា វៀតណាមបានបង្ហាញអាវុធទំនើបៗរបស់ខ្លួនក្នុងនោះរួមមានរថក្រោះ មីស៊ីល ឧទ្ធម្ភាគចក្រ និងយន្ដហោះចម្បាំង។ ទាហានវៀតណាមរាប់ពាន់នាក់ និងយោធាមកពីចិន រុស្ស៉ី រួមទាំងបណ្ដាប្រទេសដទៃក៏បានចូលរួមក្នុងពិធីប្រារព្ធនេះដែរ។
មេដឹកនាំវៀតណាម និងភ្ញៀវកិត្តិយសអន្តរជាតិបានអង្គុយទស្សនាព្យុហយាត្រាយោធានៅឯទីលាន Ba Dinh ជាទីដែលនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ អតីតមេដឹកនាំបដិវត្តន៍វៀតណាម លោក ហូ ជីមិញ បានប្រកាសជាប្រវត្តិសាស្ត្រពីឯករាជ្យរបស់វៀតណាម ក្រោយស្ថិតក្រោមអាណានិគមបារាំងជិតមួយស.វ និងស្ថិត ក្រោមការគ្រប់គ្រងរបស់ជប៉ុនមួយរយៈពេលខ្លី អំឡុងសង្រ្គាមលោកលើកទី២។ ប៉ុន្តែបារាំងមិនបានទទួលស្គាល់ការប្រកាសឯករាជ្យនេះទេ និងបានធ្វើសង្រ្គាមជាច្រើនឆ្នាំ រហូតដល់ចាញ់សង្រ្គាមក្នុងឆ្នាំ១៩៥៤៕
រូបថត: vnexpress