កម្ពុជាខ្វះខាតអង្ករដំណើប សម្រាប់បំពេញតម្រូវការក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ ៖ ករណីឃាត់រថយន្តដឹកអង្ករដំណើប ដែលនាំចូលមកកម្ពុជា តាមច្រកព្រំដែនកំពង់ស្រឡៅ ក្នុងខេត្តព្រះវិហារ នៅរយៈពេល ២ថ្ងៃចុងក្រោយនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម បានផ្ទុះការវែកញែកយ៉ាងច្រើន ហើយត្រូវបានសមត្ថកិច្ចឃាត់ ដោយសង្ស័យថាគ្មានច្បាប់អនុញ្ញាត។

ប្រជាពលរដ្ឋមួយចំនួន ហាក់មានអារម្មណ៍ភ្ញាក់ផ្អើល នៅពេលឃើញការនាំចូលអង្ករមកកម្ពុជា ព្រោះយល់ថា កម្ពុជាអាចផលិតអង្ករបានលើសតម្រូវ ហើយអាចនាំចេញបានថែមទៀត ចុះហេតុអ្វីចាំបាច់នាំចូលពីប្រទេសផ្សេង? 

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា មានការខ្វះខាតអង្ករដំណើបមួយចំនួន ដែលចាំបាច់ត្រូវនាំចូលពីប្រទេសឡាវ វៀតណាម និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសទាំង៣នេះ ការនាំចូលពីប្រទេសឡាវមានច្រើន ដោយសារឡាវដាំដុះអង្ករដំណើបច្រើន និងមានគុណភាពល្អជាងអង្ករដំណើបរបស់វៀតណាម ចំណែកឯថៃ វិញនាំចូលតិចតួច ព្រោះថៃក៏មានតម្រូវការអង្ករដំណើបច្រើន ដែលត្រូវនាំចូលពីប្រទេសឡាវផងដែរ។

លោកបន្ថែមថា ដោយសារតែស្រូវដំណើបមានទិន្នផលតិច មានរយៈពេលយូរ និងប្រកាន់រដូវ ដូច្នេះបងប្អូនប្រជាពលរដ្ឋមិនសូវនិយមដាំដុះច្រើនឡើយ ដូច្នេះទើបយើងខ្វះខាតអង្ករដំណើប។ បន្ថែមពីនេះ រដូវបុណ្យភ្ជុំបិណ្ឌជិតខិតចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ហើយការប្រមូលផលអង្ករដំណើប របស់កសិករយើងក៏មិនទាន់ដល់ ព្រោះជាទូទៅស្រូវដំណើបត្រូវប្រមូលផលចុះខែតុលា ឬដើមខែវិច្ឆិកា ដូច្នេះច្បាស់ណាស់ ត្រូវការនាំចូលជាចាំបាច់។ 

ទោះជាយ៉ាងនេះក្តីក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងជំរុញឱ្យមានការដាំដុះអង្ករដំណើប ឱ្យបានច្រើនជាងមុន ដោយបានផ្សព្វផ្សាយជំរុញនូវការដាំដុះស្រូវដំណើប ពូជ «ស្បៃមង្គល» ដែលបានចុះបញ្ជីចុះម៉ាកអង្ករសមូហភាព កាលពីឆ្នាំ២០២២។

បើតាមលោកអគ្គលេខាធិការ ចំពោះអង្ករដំណើបជាង៨០តោន ដែលសមត្ថកិច្ចឃាត់នោះ គឺមិនទាន់អាចបញ្ជាក់ប្រភពច្បាស់ថា នាំចូលពីឡាវ ឬថៃនោះទេ ប៉ុន្តែគ្រាន់ស្ថានជាក់ស្តែងថៃ ក៏មានតម្រូវការអង្ករដំណើប ត្រូវនាំចូលពីឡាវដូចកម្ពុជាដែរ។ 

អគ្គនាយកគយកម្ពុជាអះអាងថា អង្ករដំណើបជាង៨០តោ ន ដែលសមត្ថកិច្ចខេត្តកំពង់ធំឃាត់ ជាអង្ករនាំចូលពីប្រទេសឡាវ មិនមែនរបស់ថៃ ! តាមរយៈលោកបញ្ជាក់ជូនសារព័ត៌មានក្នុងស្រុក ។ ដោយឡែក «អង្ករដំណើបជាង ៨០តោន ដែលសមត្ថកិច្ចឃាត់បាននៅខេត្តកំពង់ធំ គឺនាំចូលពីឡាវ មិនមែននាំចូលពីថៃនោះទេ។ នេះជាការបញ្ជាក់របស់ លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៥នេះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print