ខេត្តបាត់ដំបង ៖ អធិការដ្ឋាននគរបាលស្រុកថ្មគោល បានឲ្យដឹងថា កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង បង្ក្រាបករណីហិង្សាដោយចេតនា ០១ករណី ឃាត់ខ្លួនជនសង្ស័យ០៥នាក់ (ស្រី) កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១២:០០នាទី ត្រង់ចំណុចក្នុងបរិវេណវត្តជ្រោយម្ទេស ស្ថិតក្នុងក្រុមទី ០៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ប ណ ច រ ភេទស្រី អាយុ ១៦ឆ្នាំ និងបក្ខពួក បានធ្វើសកម្មភាពវាយជនរងគ្រោះឈ្មោះ ង រ ដ ភេទស្រី ១៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល បណ្ដាលឲ្យហើមពកក្បាល (របួសស្រាល) រួចថតជាវីដេអូបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។
ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការ សម្របសម្រួលនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង ចុះដល់កន្លែងកើតហេតុភ្លាមៗ បានធ្វើការស្រាវជ្រាវ ឈានដល់ការនាំខ្លួនជនសង្ស័យចំនួន៥នាក់ ៖
១.ឈ្មោះ ប ណ ច រ ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល,២.ឈ្មោះ ល ល ហ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល,៣.ឈ្មោះស ភ ភេទស្រី អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល, ៤.ឈ្មោះ ថ ស ដ វ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិថ្មីឃុំតាម៉ឺន ស្រុកថ្មគោលនិង៥.ឈ្មោះ ផ សល ភេទ ស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ។
ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួន ពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះ រួចថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដមែន ។ ករណីនេះ ជំនាញស្រុក កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕