ប្រទេសចិន ៖ ប្រធានាធិបតីឡាវ បានជំរុញឱ្យ កម្ពុជា-ថៃ រក្សានូវភាពអត់ធ្មត់ខ្ពស់សម្រាប់ជម្លោះព្រំដែន និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយទប់ស្កាត់មិនឱ្យមានជម្លោះរវាង ប្រទេសទាំងពីរ ។ ការជំរុញរបស់លោក Thongloun Sisoulith ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ក្នុងជំនួបពិភាក្សាទ្វេរភាគីជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសចិន ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការ សៀងហៃ បូក របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋ ប្រជាមានិតចិន បានឲ្យដឹងថា នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃ ខ្ពស់ ចំពោះភាពរីកចម្រើន នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ។
ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ជាថ្មី ចំពោះការបន្តពូនជ្រំ ទំនាក់ទំនងជាប្រពៃណី និងជំរុញការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំបន្ថែមទៀត លើវិស័យសំខាន់ៗ រួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ និង ថាមពលជាដើម ។
សម្តេចធិបតី បានជម្រាបជូនលោកប្រធានាធិបតីឡាវ ពី បច្ចុប្បន្នភាព នៃស្ថានភាពជម្លោះព្រំដែន និងការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា និងថៃ ផងដែរ ។
លោកប្រធានាធិបតី បានជំរុញឱ្យភាគីទាំងពីរ រក្សានូវភាពអត់ធ្មត់ខ្ពស់ និងអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ ហើយទប់ស្កាត់មិនឱ្យមានជម្លោះរវាងប្រទេសទាំងពីរ គឺជាការសំខាន់បំផុត ក្នុងការជំរុញឱ្យភាគីទាំងពីរ ដោះស្រាយទំនាស់ព្រំដែនដោយសន្តិវិធី ៕
ប្រភព ៖ (CCFR)