ភ្នំពេញ ៖ ក្នុងឆមាសទី១ គិតចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែមិថុនា ដើមឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយខេត្តកណ្តាល បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ២៤.៧៦២សេវា និងទទួលបានចំណូល ៥.២២៤.៣៧០.៩០០រៀល។ នេះបើយោងតាមរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋខេត្តកណ្តាល។
ផ្អែកតាមរបាយការណ៍ដដែល សេវាដែលមានពលរដ្ឋស្នើសុំច្រើនជាងគេមាន វិស័យសាធារណការ និងដឹកជញ្ជូនផ្តល់បានចំនួន ៨.២៦៤សេវា វិស័យសុខាភិបាលចំនួន ៤.៨៥៣សេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីចំនួន ៤.៣៣៧សេវា (តាមប្រព័ន្ធអនឡាញបានចំនួន ៥.៧១០សេវា) វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន ៥៨៤សេវា វិស័យនីត្យានុកូលកម្មផ្តល់បានចំនួន ៤៦៩សេវា វិស័យព័ត៌មានចំនួន ២០៥សេវា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ចំនួន១៥០សេវា និងវិស័យទេសចរណ៍ចំនួន ៧២សេវា។
សូមបញ្ជាក់ផងដែរថា អង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តកណ្ដាលមានទាំង១៣ក្រុង-ស្រុក និងបានដាក់ឱ្យដំណើរការដំបូង ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ដោយអនុវត្តតាមអនុក្រឹត្យលេខ១៨ អនក្រ.បក និងតាមប្រកាសលេខ ៣៨៧១ ប្រ.ក ក្នុងគោលបំណងលើកកម្ពស់ គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាពនៃការផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រមូលផ្ដុំការផ្តល់សេវារដ្ឋបាល ទាំង១៤វិស័យស្មើនឹង៧០៥សេវា។
ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងការដឹកនាំតម្រង់ទិសដោយ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានជំរុញឱ្យច្រកចេញចូលតែមួយ ចាប់ថ្នាក់ខេត្ត ដល់ឃុំ សង្កាត់ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
ក៏ដូចបណ្ដារាជធានី ខេត្តផ្សេងទៀតដែរ ប្រជាពលរដ្ឋខេត្តកណ្តាល បានបង្ហាញការពេញចិត្ត ចំពោះការផ្តល់សេវា តាំងពីពេលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន។ ការពេញចិត្តនេះ ក៏ដោយសារការផ្តល់សេវា មានភាពលឿនរហ័សទាន់ចិត្ត មិនមានការស្មុគស្មាញច្រើន ខណៈមន្ត្រីទទួលបន្ទុកការងារនេះ តែងពន្យល់ណែនាំ សម្របសម្រួល ដែលធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងទទួលបាននូវភាពកក់ក្តៅ៕
ដោយ ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ