ខេត្តកណ្ដាល៖ កម្មកររោងចក្រម្នាក់បានបាត់បង់ជីវិតយ៉ាងគួរឲ្យសោកសៅ បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់ស្លាប់នៅមុខបន្ទប់ជួលរបស់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា ២០២៥ វេលាម៉ោង ៥:០០នាទីព្រឹក នៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។
យោងតាមការរៀបរាប់ពីអ្នកទទួលខុសត្រូវផ្ទះជួលឲ្យ ដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉េប វាស្នា ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រ។ នៅវេលាកើតហេតុ មានអ្នកស្នាក់នៅក្បែរនោះប្រាប់គាត់ថា ជនរងគ្រោះត្រូវខ្សែភ្លើងឆក់ស្លាប់បាត់ហើយ។ ពេលទៅមើល គាត់ក៏ បានបិទកុងទ័រភ្លើង រួចរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានភ្លាមៗ។
ក្រោយទទួលព័ត៌មានពីលោកវរសេនីយ៍ត្រី ឡាយ ទូច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប កម្លាំងជំនាញបានចុះទៅពិនិត្យកន្លែងកើតហេតុ។ តាមការ ពិនិត្យសាកសពដោយគ្រូពេទ្យនិងជំនាញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ សាក សពមានសភាពរឹងទាំងស្រុង និងមានស្នាមដាច់រលាត់នៅលើម្រាមដៃខាងឆ្វេង។
បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕