ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថស្រុកកោះធំដេញចាប់ខ្លួនបាន ខណៈដែលរូបគេព្យាយាមរត់គេចខ្លួនពេលសមត្ថកិច្ចចុះល្បាត ហើយត្រូវរកឃើញមានគ្រឿងញៀនលាក់ទុកក្នុងហោប៉ៅ។ ជន សង្ស័យរូបនេះមានប្រវត្តិធ្លាប់ជាប់ពន្ធនាគារ និងមានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១៣ និង១០នាទី នៅមុខវត្តភក្តីសិរីដុះ ស្ថិតនៅភូមិកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ។
តាមរបាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស្រ៊ន ស្រី ហៅ អាសី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថស្រុកចំនួន ៨នាក់បានចេញល្បាតក្នុងភូមិសាស្រ្ត ហើយបានប្រទះឃើញជនសង្ស័យកំពុងឈរនៅលើផ្លូវបេតុងដោយមានការសង្ស័យ។
ពេលសមត្ថកិច្ចទៅសួរនាំ ជនសង្ស័យបានព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថចាប់ជាប់។ ពេលត្រួតពិនិត្យ សមត្ថកិច្ចរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១កញ្ចប់តូច លាក់ទុកក្នុងហោប៉ៅខោក្រោយ។ ភ្លាមៗនោះ កម្លាំងបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងយកមកសាកសួរនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះជារបស់ខ្លួនដែលទិញក្នុងតម្លៃ ២ម៉ឺនរៀល ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដើម្បីយកទៅលក់បន្តឲ្យគេក្នុងតម្លៃ ៥០.០០០រៀល។ គាត់បានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនជាច្រើនឆ្នាំមកហើយ និងធ្លាប់ជាប់ពន្ធនាគារ ៦ខែនៅឆ្នាំ ២០១៨។ តាមការ អនុញ្ញាតពីព្រះរាជអាជ្ញា កម្លាំងជំនាញបានឆែកឆេរផ្ទះរបស់ជនសង្ស័យ ប៉ុន្តែពុំឃើញមានថ្នាំញៀនបន្ថែមទេ គឺមានតែសម្ភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងកំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធី៕.