ភ្នំពេញ៖ ក្នុងជំនួបកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ម្សិលមុិញ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung) បានប្រាប់លោក ពុយ គា ប្រធានក្លិប អ្នកកាសែត កម្ពុជា (ក.អ.ក.)ថា លោករីករាយ នឹងពង្រីកកិច្ចសហការជាមួយ ក.អ.ក.លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយ លើផ្នែកផ្សេងៗទៀត ជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌និងការវិនិយោគ។
លោក Bawitlung ទទួលបានតែងតាំងមកបំពេញបេសកកម្មការទូត ឥណ្ឌាប្រចាំកម្ពុជាមានរយៈពេល៧ខែហើយ។នៅទីស្នាក់ការ ក.អ.ក. លោក ពុយ គា បានជម្រាបលោកឯកអគ្គរដ្ឋទូតអំពីប្រវត្តិសង្ខេបនៃក្លិបអ្នក កាសែតកម្ពុជា មានអាយុកាល ជាង២៥ឆ្នាំហើយ។បច្ចុប្បន្នក.អ.ក.មាន សមាជិកសកម្មជាង ៦០០នាក់ ដែលកំពុងបំពេញ វិជ្ជាជីវៈ សារព័ត៌មាននៅ ស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។
ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះ បណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យា ព័ត៌មាន វិទ្យា។
លោក ពុយ គា បន្តថា ជាមួយគ្នានេះ ក.អ.ក. ក៏តែងរៀបចំ វេទិកា សារព័ត៌មាន ជាមួយ ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សន កិច្ច អ្នក សារព័ត៌មាន ទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។
ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូត ឥណ្ឌា ពិនិត្យលទ្ធភាពក្នុងការជួយ បណ្តុះ បណ្តាលជំនាញចាំបាច់មួយ ចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។
ចំណែកលោក វណ្ណឡាលវ៉ូណា បយធ្លង់ បានបញ្ជាក់ជូនលោក ពុយ គា ថា រយៈពេល ៧ខែដែលលោកបាន មក បំពេញការងារនៅកម្ពុជា លោកបាន ឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា លើគ្រប់វិស័យបើប្រៀប ធៀប ទៅនឹងឆ្នាំ២០០៩ ដែលលោកបានមកកម្ពុជាជាលើកដំបូង។
លោកមានគូសរំលេចថា ឥណ្ឌា និងកម្ពុជា មានវប្បធម៌ និងប្រពៃណី ស្រដៀងគ្នា ជាពិសេសការ ប្រើប្រាស់ភាសា សំស្ក្រឹត ហើយពលរដ្ឋឥណ្ឌា ដែលបានមកកម្ពុជា សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរស់នៅទីនេះ ជាពិសេសនៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែឯកឧត្តមឯក អគ្គរដ្ឋទូត បានលើកឡើងថា ចំនួនភ្ញៀវទេសចរ ឥណ្ឌាមក កម្ពុជា នៅមាន កម្រិត បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់។
ក្នុងន័យនេះឯកឧត្តមសង្ឃឹមថា ស្ថានទូតឥណ្ឌា និងក្លិបអ្នកកាសែតកម្ពុជា អាចសហការគ្នាលើការងារ ផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ និងវប្បធម៌នៃ ប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌា ឱ្យបានកាន់តែច្រើន បន្ថែមទៀត៕
ប្រភព ៖ Puy Kea