ខ្សែប្រយុទ្ធ Luis Suarez របស់ក្លឹប Inter Miami ត្រូវបានពិន័យព្យួរការប្រកួតចំនួន 6 ប្រកួតសម្រាប់ការស្តោះទឹកមាត់ដាក់បុគ្គលិករបស់ក្រុម Seattle Sounders បន្ទាប់ពីក្រុមរបស់គាត់ចាញ់ 3-0 នៅកម្មវិធីLeagues Cup វគ្គផ្តាច់ព្រ័ត្រ។
ឧបទ្ទវហេតុនេះបានកើតឡើងភ្លាមៗបន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោងកាលពីថ្ងៃទី 31 ខែសីហា ដោយមានការប៉ះទង្គិចគ្នារវាងកីឡាករទាំងពីរក្រុមនិងបង្កដោយកីឡាករអ៊ុយរូហ្គាយLuis Suarez។
Suarez បានចាប់កខ្សែបម្រើ Obed Vargas របស់ Sounders មុនពេលមិត្តរួមក្រុម Sergio Busquets វាយកីឡាករអន្តរជាតិម៉ិកស៊ិកចំចង្កា។ មួយសន្ទុះក្រោយមក Suarez បានទៅចូលរួមក្នុងជម្លោះជាមួយនាយកសន្តិសុខ Sounders លោក Gene Ramirez ហើយត្រូវបានមិត្តរួមក្រុម Oscar Ustari រារាំងមុនពេលគាត់ស្ដោះទឹកមាត់ដាក់មុខ Ramirez ។
អតីតខ្សែប្រយុទ្ធ Liverpool និង Barcelona កីឡាករ Suarez អាយុ 38 ឆ្នាំបានសុំទោសចំពោះអាកប្បកិរិយារបស់គាត់នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី Instagram របស់គាត់។ សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការវិន័យនៃ Leagues Cup បាននិយាយថា ការព្យួរ Suarez នឹងអនុវត្តចំពោះការប្រកួតនៅឆ្នាំក្រោយប៉ុណ្ណោះ ទោះបីជា Major League Soccer “រក្សាសិទ្ធិ” ក្នុងការដាក់ទណ្ឌកម្មបន្ថែមក៏ដោយ។ Leagues Cup គឺជាការប្រកួតប្រចាំឆ្នាំដែលមានក្រុមមកពី MLS និង Liga MX របស់ម៉ិកស៊ិក។ មិត្តរួមក្រុម Inter Miami របស់ Suarez គឺ Sergio Busquets និង Tomas Aviles ត្រូវបានព្យួរការប្រកួតចំនួនពីរ និងបីប្រកួតរៀងៗខ្លួន។