ឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង

ចែករំលែក៖

​    ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែងអស់ទាំងស្រុង ផ្អើលដល់ប្រជាពលរដ្ឋទាក់ទងទៅរថយន្ដបង្ការពន្លត់ជួយអន្ដរាគមន៍។ ករណីនេះកើតឡើងកាលពីវេលាម៉ោង ២ នឹង ២០នាទីរសៀលថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចឃ្លាំងជួសជុលត្រាក់ទ័រមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្បែរផ្សារបឹងបៃតងទី២ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុគេឃើញមានក្រុមជាង បានមកផ្សារត សំយ៉ាប់នៅខាងមុខឃ្លាំងជួសជុលខាងលើ ស្របពេលផ្សារនោះដែរ សង្ស័យជាង មិនប្រុងប្រយ័ត្នធ្លាក់កម្ទេចផ្កាភ្លើង ចុះមកក្រោម ចំប្រេងម៉ាសុីន បង្កអោយកើតទៅជាអណ្តាតភ្លើងឆាបឆេះ លាយឡំផ្សែងខ្មួលខ្មាញ់យ៉ាងឆាប់រហ័ស ។ ភ្លាមៗ ជាងផ្សារនឹង ប្រជាពលរដ្ឋបានព្យាយាមនាំគ្នា យកទឹកមកពន្លត់ដែរ ប៉ុន្តែដោយសារ អណ្តាតភ្លើងឆេះរាលដាលលឿនខ្លាំងពេក ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍តែម្តង ។

អគ្គិភ័យនេះដែរបានឆាបឆេះឃ្លាំង នឹង សម្ភារៈអស់ទាំងស្រុង តែមិនបង្កអោយនរណារងរបួសនោះឡើយ ។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងរួមមាន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹង រថយន្តជំនួយ ស្រាបៀរកម្ពុជា នឹង រថយន្តរបស់តម្រួតបទបញ្ជា បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ បង្កអោយកើតទៅជាអគ្គិភ័យនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print