ប្រទេសថៃ៖ យោងតាមសេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិ (ONWR) និងចេញផ្សាយដោយ The Nation កាលពីថ្ងៃអាទិត្យទី៧ ខែកញ្ញា ឆ្នាំ២០២៥ បាននិយាយថា ស្ថានភាពគ្រោះទឹកជំនន់នៅប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗហើយ ដោយសារពេលនេះ មានទំនប់ដល់ទៅ៩ឯណោះ ដែលកំពុងត្រៀមបញ្ចេញទឹកឬអាចនឹងបាក់ ព្រោះតែស្តុកទឹកលើសពីសមត្ថភាពរបស់ខ្លួនហើយ ជំរុញឲ្យអាជ្ញាធរព្រមានអំពីគ្រោះទឹកជំនន់រហ័សនិងត្រៀមប្រកាសអាសន្នទូទាំងប្រទេស។
សេចក្តីប្រកាសរបស់ការិយាល័យធនធានទឹកជាតិ (ONWR) បានបញ្ជាក់ដូចជា៖ Mae Mok, Sirikit, Kwae Noi Bamrung Daen, Huai Luang, Nam Phung, Nam Oun, Chulabhorn, Ubol Ratana និង Bang Phra សុទ្ធតែកំពុងស្តុកទឹកលើកម្រិត ហើយមានតែការទម្លាយទឹកចេញប៉ុណ្ណោះ ទើបអាចធ្វើឲ្យទំនប់ធូរស្រាល។
ទោះបីជាយ៉ាងណាក៏ដោយ ការរំដោះទឹកចេញនេះ ច្បាស់ជាបណ្តាលឲ្យខេត្តនានាត្រូវជន់លិចជាក់ជាមិនខានឡើយ ជាពិសេសនៅភាគខាងជើងនិងឦសាន។
តាមការបញ្ជាក់ពី ONWR, បរិមាណទឹកសរុបនៅក្នុងអាងស្តុកទឹកទាំងអស់របស់ប្រទេសគឺ ៥៧.៨៥៩ ពាន់លានម៉ែត្រគូប ស្មើនឹង៧២% នៃសមត្ថភាពសរុប។ ការព្រមាននេះកើតឡើងក្រោយពេល ទំនប់ចៅប្រាយ៉ា ត្រូវបានទម្លាយ បង្កការជន់លិចខេត្តអយុធ្យា ធ្ងន់ធ្ងរ ខ្ទេចផលដំណាំរាប់រយហិកតា រួចទៅហើយ។
ជាមួយគ្នានេះ ប្រជាកសិករថៃ កំពុងទួញសោក ដោយសារតែទំនប់ចៅប្រាយ៉ា បញ្ចេញទឹក ១ ៥០០គីឡូម៉ែត្រគូបក្នុងមួយវិនាទី។ ការបញ្ចេញទឹកនេះ គឺដើម្បីបញ្ចៀសការធ្លាយទំនប់ ព្រោះតែអាងនេះស្តុកទឹកដល់កម្រិត ហើយស្របពេលដែលភ្លៀងធ្លាក់នៅតែបន្តមិនឈប់ ទើបវាបង្កហានិភ័យបាក់៕ដោយ៖តារា
រូបភាព៖ The Nation