រដ្ឋបាលខេត្តកំពង់ចាមរៀបចំដាំផ្កាជើងគោសម្រាប់លម្អតាមដងផ្លូវជាតិលេខ៧ (ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម)

ចែករំលែក៖

ខេត្តកំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមងដងផ្លូវជាតិលេខ៧ ចាប់ពី រង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម មេត្តាជ្រាបថា៖ គម្រោងស្ថាបនា លើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង និងគម្រោងដាំដើមឈើលម្អ អមសងខាងផ្លូវជាតិលេខ ៧ ចាប់ពី វង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាមគ្រោងនឹងបញ្ចប់នៅពេលដ៏ខ្លីខាងមុខនេះ។ ដើម្បីលើកកម្ពស់សោភណភាព តាមបណ្តោយទ្រូងផ្លូវជាតិលេខ៧ ដែលទើបនឹងសាងសង់រួច និងលម្អសងខាងចិញ្ចើមផ្លូវ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងដាំដើមផ្កាជើងគោចំនួន ១៥.០០០ដើម ដែល ជាអំណោយរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ដើម្បីឱ្យដំណើរការនៃការដាំ និងការថែទាំដើមផ្កាជើងគោ ដែលដាំលម្អតាមដងផ្លូវជាតិទាំង សងខាងចិញ្ចើមផ្លូវ ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម សូមបងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ដែលនៅតាមបណ្តោយផ្លូវជាតិលេខ៧ ចូលរួមជាមួយរដ្ឋបាលខេត្ត ដាំនិងជួយថែទាំតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ដោយការដាំនោះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី ១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម។

រដ្ឋបាលខេត្តកំពង់ចាម មានសេចក្តីសង្ឃឹមយ៉ាងមុតមាំចំពោះស្មារតីចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិ លេខ៧ទាំងអស់នឹងចូលរួមជាមួយរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ក្នុងចលនាដាំ និង ថែទាំផ្កាជើងគោនៅតាមបណ្តោយផ្លូវជាតិលេខ៧ ដើម្បីលើកកម្ពស់សោភណភាព លម្អតាមដងផ្លូវជាតិ លេខ៧ ឱ្យមានភាពបៃតងស្រស់បំព្រង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print