លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា, ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នារក្សានូវតួលេខប្រាក់ឈ្នួលដដែល គឺចំនួន២០៨ដុល្លារ ដោយរងចាំការសម្រេចជាផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី១៧ ខែកញ្ញាខាងមុខ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន កម្មករនិយោជិត និយោជក និង អង្គការវិជ្ជាជីវៈ ឱ្យបានជ្រាបថា នៅថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ច ប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១៣:៣០នាទី ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែក វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៦។

គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមា សរុបមានចំនួន ២១លើក រួមមាន កិច្ចប្រជុំត្រីភាគី ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីកម្មករនិយោជិតនិងភាគីនិយោជក ចំនួន ៣លើក, កិច្ចប្រជុំទ្វេភាគីរវាង តំណាងភាគីរាជរដ្ឋាភិបាលនិងភាគីកម្មករនិយោជិត ចំនួន ១លើក, កិច្ចប្រជុំទ្វេភាគីរវាងតំណាងភាគីរាជរដ្ឋាភិបាលនិង ភាគីនិយោជក ចំនួន ២លើក, កិច្ចប្រជុំផ្ទៃក្នុងរបស់តំណាងភាគីកម្មករនិយោជិត ចំនួន ៧លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ តំណាងភាគីនិយោជក ចំនួន ៥លើក។

ភាគីពាក់ព័ន្ធ បានឯកភាពកំណត់កិច្ចប្រជុំថ្ងៃនេះ គឺជាកិច្ចប្រជុំបញ្ជាក់ជំហរចុងក្រោយរបស់ខ្លួន។ ជាលទ្ធផល៖​
-ដោយយោងលើស្ថានភាពនៃផលប៉ះពាល់ ដែលអាចកើតមានឡើងដោយសារការកំណត់ពន្ធគយបដិការរបស់ សហរដ្ឋអាម៉េរិក និងស្ថានភាពជាក់ស្តែងនៃទីផ្សារការងារ តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពគ្នា ជាឯកច្ឆ័ន្ទមិនលើកនូវសំណើតួលេខណាមួយនោះទេ ដោយទុកជូនភាគីរាជរដ្ឋាភិបាល ដើម្បីសម្រេចលើតួលេខណាមួយ ដោយផ្អែកលើភាពប្រកួតប្រជែង និងលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចជាក់ស្តែងរបស់កម្ពុជា។

-តំណាងភាគីកម្មករនិយោជិត និងភាគីនិយោជក បានឯកភាពរួមគ្នាលើកនូវសំណូមពរចំនួន ៣ចំណុច ជូន សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអន្តរាគមន៍។

អង្គប្រជុំបានឯកភាពគ្នា កំណត់កាលបរិច្ឆេទ នៃកិច្ចប្រជុំត្រីភាគីចុងក្រោយ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៥:០០នាទី ដើម្បីបំពេញនីតិវិធីផ្លូវការចុងក្រោយ ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។

...

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន កម្មករនិយោជិត និយោជក និងអង្គការវិជ្ជាជីវៈមេត្តាជ្រាប ជាព័ត៌មានតាមការគួរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print