ប្រមុខដឹកនាំ ប្រទេសកាតា បានទៅជួបមន្ត្រីអាមេរិកដើម្បីជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់សេតវិមាន ក្នុងនោះមានទាំងប្រធានាធិបតីអាមេរិក ក្រោយអ៊ីស្រអ៊ែលវាយប្រហារទីក្រុងដូហា និងកិច្ចពិភាក្សាស្តីពីបទឈប់បាញ់នៅកាហ្សា។
សារព័ត៌មាន Reuters បានផ្សាយថា មន្ត្រីសេតវិមានម្នាក់បានឱ្យដឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman al-Thani នៅទីក្រុងញូវយ៉កនៅថ្ងៃសុក្រនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក គឺអ៊ីស្រាអែល បានវាយប្រហារមេដឹកនាំហាម៉ាសនៅទីក្រុងដូហា។
លោក ត្រាំ បានបង្ហាញការមិនពេញចិត្តចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដែលលោកបានចាត់ទុកថាជាសកម្មភាពឯកតោភាគី ដែលមិនជំរុញផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬអ៊ីស្រាអែលឡើយ។ ទីក្រុងវ៉ាស៊ីនតោនចាត់ទុកកាតាជាសម្ព័ន្ធមិត្តដ៏រឹងមាំមួយនៅតំបន់ឈូងសមុទ្រ និងជាអ្នកសម្របសម្រួលដ៏សំខាន់ក្នុងការចរចាដើម្បីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។
កាលពីថ្ងៃអង្គារ លោក Al-Thani បានបន្ទោសអ៊ីស្រាអែលថាបានព្យាយាមបំផ្លាញឱកាសសន្តិភាព ប៉ុន្តែបានបញ្ជាក់ថាកាតានឹងមិនបោះបង់ចោលតួនាទីជាអ្នកសម្របសម្រួលឡើយ។ ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា មេដឹកនាំកាតារូបនេះក៏នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុងដូហាកាលពីថ្ងៃអង្គារ បានបង្កហានិភ័យក្នុងការធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា។ ការវាយប្រហារនេះត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយ និងអាចបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលកំពុងតែមានភាពផុយស្រួយស្រាប់ទៅហើយ៕
រូបថត: laodong