ខេត្តបាត់ដំបង-សៀមរាប៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃ ពោលគឺនៅថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៥ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ និងលោក វ៉ា ពិសី អនុរដ្ឋលេខាធិការ តំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានជលផល ចាប់ពីភូមិបាក់ព្រា និងភូមិព្រែកចាស់ ឃុំព្រែកចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប រហូតដល់ចំណុចព្រហូត រាំងទេរ និងរហាលប្រា ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុងសៀមរាប និងកន្លែងអភិរក្សជលផលឡូត៍លេខ៤។
ក្នុងកិច្ចប្រតិបត្តិការនេះ គឺមានការចូលរួមអមដំណើរដោយ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី អាន ប៊ុនទិ មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការបង្រ្កាបបទល្មើសនេសាទ ប្រចាំខេត្តសៀមរាប និងសហការី លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការីកម្លាំងសហគមន៍នេសាទចុងឃ្នៀស សរុបចំនួន ២៤ នាក់ នារី០១នាក់ ដោយប្រើមធ្យោបាយកាណូតចំនួន០៤ គ្រឿង។ ជាលទ្ធផល ក្រុមការងារពុំបានប្រទះឃើញមានការធ្វើនេសាទដោយឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលឡើយ។
នាឱកាសនោះដែរ លោកក៏បានផ្ដល់អនុសាសន៍ជូនក្រុមការងារ និងមន្រ្តីមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្តប្រឹងប្រែងបង្រ្កាបបទល្មើសនេសាទឆក់ចល័ត និងការពារកន្លែងអភិរក្សជលផល ចែកវេនចេញល្បាតទាំងយប់-ថ្ងៃ។
ទន្ទឹមនោះ លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចម្រុះ ដែលឈរជើងនៅតាមភូមិសាស្រ្តរបស់ខ្លួន សហការជាមួយក្រុមការងារកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងបឹងទន្លេសាប ក្នុងខេត្ដបាត់ដំបង និងសៀមរាប និងស្នើឱ្យសហការគ្នាកាន់តែជិតស្និទ្ធិបន្ថែមទៀតក្នុងការអនុវត្តតួនាទីភារកិច្ចជួយអភិរក្សធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕ដោយ៖តារា