សារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អបអរសាទរខួប២ឆ្នាំ នៃការចុះរមណីយដ្ឋានប្រាសាទកោះកេរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក !

ចែករំលែក៖

ភ្នំពេញ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា​ បានថ្លែង​តាម​រយៈ​សារលិខិត​ថា៖​ ថ្ងៃនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមផ្ញើសារលិខិត សម្តែងនូវសេចក្តីសោមនស្សរីករាយ និងទឹកចិត្តដ៏រំភើបឥតឧបមាយ៉ាងជ្រាលជ្រៅ ចូលរួមអបអរសាទរជាមួយ សម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ តាមរយៈសេចក្តីសម្រេចលេខ 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌ ពិភពលោកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ការសម្រេចទទួលស្គាល់អតីតរាជធានីកោះកេរ កសាងដោយព្រះបាទជ័យវរ្ម័នទី៤ ក្នុងសម័យអង្គរដ៏រុងរឿង បំផុតនៃអាណាចក្រខ្មែរ ដែលសម្បូរទៅដោយប្រាង្គប្រាសាទ រូបបដិមា សិលាចារឹត ចំណេះដឹងផ្នែករៀបចំក្រុង និងប្រព័ន្ធធារាសាស្ត្របុរាណ បានបង្ហាញពីកិត្យានុភាពវប្បធម៌ដ៏ខ្ពស់ត្រដែតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែល កើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយវីរភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់ នៃសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបង្រួបបង្រួមជាតិ និងនាំមកជូនប្រជាជនកម្ពុជានូវភាពសុខដុមរមនា សម្រាប់ជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍនូវសម្បត្តិបេតិកភណ្ឌវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិខ្មែរ ដែលជាកេរដំណែលដ៏ឧត្តុង្គឧត្តមពុំអាចកាត់ថ្លៃបានរបស់បុព្វបុរសយើងបន្សល់ទុកជូន អ្នកជំនាន់ក្រោយ។
ខ្ញុំក៏សូមយកឱកាសនេះ ធ្វើការកោតសរសើរដោយស្មោះ និងមូលវិចារដ៏ថ្លៃថ្លា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ អ្នកជំនាញជាតិនិងអន្តរជាតិ ដៃគូអន្តរជាតិ និងឥស្សរជនទាំងឡាយ ដែលបានខិតខំព្យាយាមលះបង់ទាំងកម្លាំងកាយ ប្រាជ្ញានិងស្មារតី ប្រកបដោយភាព ប៉ិនប្រសប់និងវិជ្ជាជីវៈខ្ពស់ ពុះពារជម្នះគ្រប់ការលំបាករហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងរយៈពេល២ឆ្នាំ កន្លងទៅ មានជាអាទិ៍ការអភិរក្សនិងជួសជុលប្រាសាទបល្ល័ង្គជើង ប្រាសាទប្រាំ ប្រាសាទក្រហម ប្រាសាទគោកគ្រង និងការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យាសំខាន់ៗជាច្រើនទៀត ដើម្បីយល់ដឹងអំពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ នាសម័យនោះ។

ក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការចូលរួមរបស់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិព្រះវិហារ ត្រូវសហការបំពេញបេសកកម្មការងារគ្រប់គ្រង និងអភិរក្សឱ្យបានហ្មត់ចត់នូវប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រពៃណីទំនៀមទម្លាប់ ប្រជាជន ដីធ្លី ព្រៃឈើ និង សត្វព្រៃ ស្របតាមគោលការណ៍ប្រតិបត្តិរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រជាជនគ្រប់រូបមាន ភាពជាម្ចាស់ស្មើៗគ្នា ចំពោះសម្បត្តិវប្បធម៌និងសម្បត្តិធម្មជាតិទាំងអស់ និងមានកាតព្វកិច្ចដូចៗគ្នាក្នុងការជួយ ថែរក្សា ការពារ និងលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេររបស់យើង សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពប្រជាជន ក៏ដូចជាពង្រឹងអត្តសញ្ញាណជាតិរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ខ្ញុំសូមអំពាវនាវដល់គ្រប់បណ្តាញព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ឱ្យបាន ទូលំទូលាយនិងអធិកអធម ដើម្បីអបអរសារទរខួប២ឆ្នាំ នៃការចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក៏ដូចជាបន្តជំរុញសក្កានុពលទេសចរណ៍ក្នុងតំបន់។

សូមសម្តេចព្រះសង្ឃរាជ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ទ្រង់បានប្រកបនិង ប្រកបដោយពុទ្ធពរទាំងឡាយបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ​៖សិលា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print