សមត្ថកិច្ចក្រុងតាខ្មៅ ដែលឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរកឃើញម៉ូតូដែលបាត់បង់មកវិញ

ចែករំលែក៖

ខេត្តកណ្ដាល÷ ជនរងគ្រោះជាម្ចាស់ម៉ូតូបានបង្ហាញក្ដីរីករាយ និងគោរពអរគុណដល់សមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ដែលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរកឃើញម៉ូតូដែលបាត់បង់មកវិញ។ ម៉ូតូនេះត្រូវបានគេលួចយកទៅ កាលព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅបន្ទប់ជួលក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ប៊ន គីមឆាយ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស រស់នៅបន្ទប់ជួលក្នុងភូមិឃុំកើតហេតុ។ ទ្រព្យសម្បត្តិដែលបានបាត់បង់គឺម៉ូតូ ១គ្រឿង ម៉ាកHonda Dream សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AJ-0844។

លោកអធិការបានបន្តថា ជនសង្ស័យមានបក្ខពួកចំនួន ៣នាក់ ហើយសមត្ថកិច្ចបានឃាត់ខ្លួនបាន ២នាក់។ ជនទាំងពីរនាក់នោះមានឈ្មោះ ថន ដាវីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ និងឈ្មោះ កឹម សីហា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបររើសអេតចាយ។ ជនសង្ស័យទាំង ២នាក់នេះ មានសារធាតុញៀនក្នុងខ្លួន ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ជេ ភេទ ប្រុស បានរត់ គេចខ្លួន។

តាមការបញ្ជាក់បន្ថែមពីលោកអធិការ មុនពេលកើត ហេតុ គឺថ្ងៃទី១៣ កញ្ញា ជនរងគ្រោះបានចាក់សោរម៉ូតូត្រឹមត្រូវហើយចូលសម្រាកក្នុងបន្ទប់។ លុះព្រឹកឡើងថ្ងៃទី១៤ កញ្ញា ពេលភ្ញាក់ពីគេង ស្រាប់តែមិនឃើញម៉ូតូ ក៏បានមកដាក់ពាក្យបណ្ដឹង។

ក្រោយទទួលពាក្យបណ្ដឹង លោកអធិការបានបញ្ជាលោកវរសេនីយ៍ទោ ហេង សុផាណ្ណារិទ្ធ អធិការរង សហការជាមួយកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីស្រាវ ជ្រាវ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ថន ដាវីដ នៅក្នុងបន្ទប់ជួលជាមួយម៉ូតូរបស់ជនរងគ្រោះ ដោយជនសង្ស័យបានសារភាពថា បក្ខពួកឈ្មោះ ជេ និង កឹម សីហា បានយកម៉ូតូនេះមកផ្ញើ។ ភ្លាមៗនោះ សមត្ថកិច ក៏បានតាមទៅឃាត់ខ្លួនឈ្មោះ កឹម សីហា បានម្នាក់ទៀត។

វត្ថុតាងដែលសមត្ថកិចដកហូតបានរួមមាន ម៉ូតូជនរងគ្រោះ ១គ្រឿង ឧបករណ៍សម្រាប់ដោះម៉ូតូ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

...

បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print