លោក កែវ វណ្ណថន អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់មេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង

ចែករំលែក៖

ប្រទេសចិន ៖ លោក កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់មេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Wang Xiaohong រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន លោក ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ លោក រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា និងលោក អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម។ ដែលកិច្ចប្រជុំបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។

កិច្ចប្រជុំខាងលើរៀបចំឡើងស្របពេលខួបលើកទី១០ឆ្នាំ នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថាប័នអនុវត្តច្បាប់នៃប្រទេសមេគង្គ-ឡានឆាង បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាតនូវស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំមេគង្គ-ឡានឆាង ដោយបានរួមគ្នាថែរក្សាការពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការជាច្រើន នាំមកនូវផល ប្រយោជន៍ដល់ប្រជាជននៃប្រទេសមេគង្គ-ឡានឆាងទាំងអស់។

តាមរយៈកិច្ចប្រជុំនេះដែរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់ក្នុងតំបន់ទន្លេមេគង្គ ក្នុងយន្តការផ្លាស់ប្តូរព័ត៌មាន ការរៀបចំកិច្ចប្រជុំទៀងទាត់ ការពង្រឹងកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងការអភិវឌ្ឍប្រព័ន្ធនិងឧបករណ៍បច្ចេកទេស ដើម្បីបុព្វហេតុរក្សាសន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់ ដោយផ្អែកលើគោលការណ៍គោរពច្បាប់ជាតិ-អន្តរជាតិ និងផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print