ភ្នំពេញ : មានករណីឆ្លងចរន្តអគ្គិសនីនៅលើពិតានបណ្ដាលអោយឆេះហុយផ្សែងផ្អើលម្ចាស់ផ្ទះ និងប្រជាពលរដ្ឋជួយហៅរថយន្តពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្ទះលេខ៤Eo (យីហោហ្សិនផ្លរ៉ាស៉្ពា) ផ្លូវលេខ១៩ ស្ថិតនៅភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុ សមត្ថកិច្ចបានទទួលពត៌មានពីប្រជាពលរដ្ឋថាមានឃើញហុយផ្សែងចេញពីផ្ទះលេខ៤Eo (យីហោហ្សិនផ្លរ៉ាស៉្ពា)ហើយក៏ដឹកនាំកម្លាំងចុះទៅកន្លែងកើតហេតុ ពេលចុះទៅដល់ឃើញផ្សែងហុយចេញពីពិតានទើបសុំអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ហើយភ្លាមនោះរថយន្តពន្លត់អគ្គិភ័យបានចុះមកដល់ចំនួន៣គ្រឿងបាញ់ទឹកពន្លត់ទាន់ពេលមិនបណ្តាលឲ្យឆេះរាលដល់ផ្ទះអ្នកជិតខាងឡើយ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះម៉ៅ សារ៉ាន អាយុ៤៦ឆ្នាំ មុខរបរអ្នកគ្រប់គ្រង ។ ចំពោះមូលហេតុគឺមកពីឆ្លងចរន្ដអគ្គិសនី ហើយផ្ទះដែលកើតហេតុនេះជាប្រភេទសំណង់ថ្ម ទំហំ ៨ម៉ែត្រX២០ម៉ែត្រ( បន្ទប់ខូចខាតទំហំ ២ម៉ែត្រX៣ម៉ែត្រ) ខូចខាតម៉ាសុីនត្រជាក់ចំនួន១គ្រឿង ពូកម៉ាស្សាចំនួន៣។
ប្រេីប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ត ស្មើ៨មែត្រគូប ពន្លត់ចប់នៅវេលាម៉ោង០៣និង៥០នាទីរសៀលថ្ងៃខែឆ្នាំដដែល៕
ដោយ៖ ជ្រោយពេជ្រ