ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកស្រី ÜLKÜ KOCAEFE ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដឹកនាំប្រតិភូពីក្រុមហ៊ុនអាកាសចរណ៍តួកគីយ៉េ Turkish Airlines ដែលមានលោក UMIT Develi ជាអនុប្រធាន និងជាតំណាង ព្រមទាំងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍ជូនផ្ទាល់ពីការហោះហើរត្រង់ និងផ្ទាល់ជាលើកដំបូងរវាងទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងជំនួបដ៏មានសារៈសំខាន់ និងជាការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយផ្លែផ្កាលើការតភា្ជប់ប្រទេសកម្ពុជាទៅកាន់ពិភពលោក លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចសហការគាំទ្រដ៏ល្អ និងឥតឈប់ឈររបស់ស្ថានទូតមិត្តតួកគីយ៉េ និងក្រុមហ៊ុន Turkish Airlines ដែលបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហេីរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ៕
ដោយ៖តារា