ខេត្តបាត់ដំបង៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ធ្លាប់ធ្វើសកម្មភាពកាច់សោ.កម៉ូតូបានសម្រេចហើយមកបន្តធ្វើសកម្មភាពកាច់សោកម៉ូតូនៅខេត្តបាត់ដំបងលើកទី៧ ភ្លាត់ស្នៀត ក៏ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួនរួមទាំងឧបករណ៍សម្ភារជាក់ស្តែង និងម៉ូតូ២គ្រឿង ចំណែកគ្នាគេម្នាក់ទៀតរត់គេចខ្លួនបាត់។
ករណីឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១ខែសីហា រហូតដល់សៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ នៅក្នុងភូមិសាស្រ្ត ស្រុកមោងប្ញស្សី និងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ជនសង្ស័យនិងវត្ថុតាងនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦ ត្រូវបានកម្លាំងអាវុធហត្ថចាប់បញ្ជូនទៅ តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ការឃាត់ខ្លួនជនសង្ស័យបាននៅពេលនេះគ្រាដែលមានសេចក្តីរាយការណ៍ឱ្យដឹងថា នៅខេត្តបាត់ដំបង រយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋត្រូវបានបាត់ម៉ូតូដោយចោរកាច់សោកម៉ូតូយកអស់២ទៅ៣គ្រឿងមកហើយ។
ជនសង្ស័យឈ្មោះ ១,រស់ សារឿន ភេទប្រុសអាយុ៣៤ឆ្នាំ ២,ម៉ិញ ស៊ីអិត ភេទប្រុសអាយុជាង៣០ឆ្នាំ ពួកគេរស់នៅក្នុងភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ចំណែកបក្ខពួកម្នាក់ដែលរត់គេចខ្លួនឈ្មោះ ម៉ៅ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀយ។ ម៉ូតូដែលចាប់យករួមមាន ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1BR-0700 និង១គ្រឿងទៀតម៉ាកហុងដាគុប ពាក់ស្លាកលេខពោធិ៍សាត់1A-1295 ។
បើតាមចម្លើយសារភាពពីជនសង្ស័យឈ្មោះម៉ិញ ស៊ីអិត ឱ្យដឹងថា រូបគេនិងបក្ខពួក បានប្រកបមុខរបរកាច់សោកម៉ូតូយូរឆ្នាំមកហើយចាប់តាំងពីខេត្តព្រៃវែង ភ្នំពេញ និងមកដល់ ខេត្តបាត់ដំបង ក៏ត្រូវរងការចាប់ខ្លួនពីកម្លាំងអាវុធតែម្តង។ ជនសង្ស័យឆ្លើយសារភាពទៀតថា ក្នុងសកម្មភាពលួចកាច់សោកម៉ូតូគេមានបក្ខពួកច្រើននាក់ទៀតដែលចូលរួមធ្វើសកម្មភាព ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកឃាត់ខ្លួនបក្ខជនសង្ស័យដើម្បីយកមកផ្តន្ទាទោសបន្តទៀត៕
ដោយ៖ សំ វិច្ឆិកា