ខេត្តមណ្ឌលគិរី÷ មេក្លោងដែលឆបោកតាមបណ្តាញសង្គមម្នាក់ ត្រូវបានសមត្ថកិច្ចខេត្តមណ្ឌលគិរី ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយបានប្រព្រឹត្តសកម្ម ភាព បោកប្រាស់យកប្រាក់ពីជនរងគ្រោះអស់ជិតមួយម៉ឺនដុល្លារអាមេរិក ។ ក្រុមនេះមានការចាត់តាំងជាប្រព័ន្ឋ ធ្វើឲ្យសមត្ថកិច្ចប្រើពេលជាយូរទម្រាំអាចបង្ក្រាបបាន ។
សេចក្តីរាយការណ៍ដែលអ្នកយកព័ត៌មានទើបទទួលបាននាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឲ្យដឹងថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៤៥ នាទីរសៀល មានបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ នាគក្រហម បានទាក់ទងទៅបណ្ដាញទំនាក់ ទំនងសង្គមFacebook Pageមួយឈ្មោះ ហេង ហេង ប្រាក់កម្ចី ដែលគ្រប់គ្រងដោយឈ្មោះ ទូច ចន្ធូ និងមានក្រុមការងាររបស់ខ្លួនបីនាក់ផ្សេងទៀត មានទាំងអ្នកចាំជួយកាត់តក្លែងឯកសារ អ្នកទទួលប្រាក់ ជាដើម ។
សេចក្តីរាយការណ៍បានបន្តថា គោលបំណងរបស់ជនរង គ្រោះ ដែលបានទាក់ទងទៅបណ្ដាញទំនាក់ទំនងសង្គម Facebook Pageឈ្មោះហេង ហេងប្រាក់កម្ចីគឺដើម្បី ខ្ចីប្រាក់សរុបចំនួន(មួយម៉ឺនប្រាំពាន់ដុល្លារ) ។ ឈ្មោះ ទូច ចន្ធូ និងបក្ខពួកបានប្រើប្រាស់ឧបាយកល ក្នុងនាមជាអ្នកឲ្យខ្ចីប្រាក់ និងលួងលោមក្នុងរូបភាពផ្សេងៗ ដើម្បីឲ្យជនរងគ្រោះ ត្រូវផ្ញើប្រាក់មកខ្លួន ជាបន្ដបន្ទាប់រហូតដល់ចំនួន (ប្រាំបួនពាន់ប្រាំរយដុល្លារអាមេរិក)។ ដោយសារតែត្រូវការលុយបន្ទាន់ និងត្រូវជនឆបោកប្រើប្រាស់វិធីសាស្ត្រជាច្រើន បណ្តាលឲ្យជនរងគ្រោះ ធ្លាក់ក្នុងឧបាយកល រហូតផុងខ្លួន ផ្ញើប្រាក់ឲ្យទៅក្រុមជនឆបោក តាមរយៈគណនីABA ឈ្មោះ TOUCH CHANTHOU និងវេរប្រាក់តាមវីងមានលេខ ទូរស័ព្ទ ០៧៧ ៩១៦ ៦៦៣ ជាបន្តបន្ទាប់ទើបដឹងខ្លួនថា ចាញ់បោកគេ។
សេចក្តីរាយការណ៍ថា រហូតដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៥ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន ដោយឃាត់ជន សង្ស័យឈ្មោះ ទូច ចន្ធូ ជាមេក្លោងយកទៅចាត់ការតាមនីតិវិធីច្បាប់ និងបានបញ្ជូនទៅដាក់ពន្ឋនាគារខេត្ត។ចំណែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែម ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នជាមួយកម្ចីខុសច្បាប់ ដែលគ្មានប្រភពត្រឹមត្រូវ ។ នៅពេលជួប ប្រទះហេតុការណ៍ ឬត្រូវជនសង្ស័យលួងលោមឲ្យខ្ចីប្រាក់ខុសប្រក្រតី ត្រូវរាយការណ៍ទៅសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីងាយស្រួលក្នុងការស្រាវជ្រាវនិងបង្ក្រាបទាន់ពេលវេលា ៕