ភ្នំពេញ៖ លិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូន ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការវិវឌ្ឍនៃស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ។
នៅក្នុងសារលិខិតរបស់សម្ដេចធិបតី បានថ្លែងថា ខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តម ជ្រាបអំពីលិខិតរបស់ខ្ញុំនៅថ្ងៃនេះ ជូនចំពោះ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ក្នុងបំណងទាញការចាប់អារម្មណ៍ ចំពោះស្ថានការណ៍ថ្មីៗ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរ ភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់តំបន់ទាំងមូលផងដែរ។
បទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពុត្រាចាយ៉ា បានបញ្ឈប់ការប្រយុទ្ធគ្នាទ្រង់ទ្រាយធំដែលបានផ្ទុះឡើងពីថ្ងៃទី២៤ ខែកក្កដា ក្នុងខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជា។ តែគួរឱ្យសោកស្តាយ ដែលសកម្មភាព ល្មើសនឹងបទឈប់បាញ់របស់កម្លាំងយោធាថៃ នៅតែបន្តឥតឈប់ និងថែមទាំងបានពង្រីកហួស ចេញ ពីតំបន់ជម្លោះប្រដាប់អាវុធកន្លងមកទៀតផង។
ចាប់តាំងពីថ្ងៃទី១២ ខែសីហា កម្លាំងយោធាថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួស បន្លា ដាក់របាំងឃាំង ចេញឱសានវាទបណ្ដេញពលរដ្ឋខ្មែរចេញពីដីលំនៅដ្ឋានដែលពួកគេបានរស់នៅ ដ៏យូរលង់មកហើយ នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគ ពាយព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ពីតំបន់ជម្លោះ ដូចរៀបរាប់ ខាងលើ។ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចំការរបស់ ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀតនាពេល ដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១០០០ នាក់។
ដោយឡែក ផ្អែកលើប្រភពគួរឱ្យទុកចិត្តបាន យោធាថៃមានបំណងប្រើប្រាស់កម្លាំងដើម្បីដណ្តើម យកទឹកដីនៅទីតាំងចំនួន ១៧ ផ្សេងទៀត នៅក្នុងតំបន់ ចាប់ពីខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង ដែលស្ថិតនៅប៉ែកខាងលិច និងប៉ែកនិរតី នៃប្រទេសកម្ពុជា។
សកម្មភាពឯកតោភាគីខាងលើរបស់យោធាថៃ គឺផ្អែកលើផែនទីខ្នាត ១/៥០,០០០ គូសជា ឯកតោភាគី ដែលផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជា លទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើត ឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួលស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះ ហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ២០០០)។ អនុស្សរណៈ ឆ្នាំ២០០០នេះ ត្រូវបានចុះបញ្ជីនៅអង្គការសហប្រជាជាតិដោយប្រទេសថៃ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និង មានបោះពុម្ពផ្សាយនៅក្នុងបញ្ជីកម្រងសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។
សកម្មភាពឯកតោភាគីរបស់ថៃ គឺជាការប៉ុនប៉ងធ្វើការកំណត់ខណ្ឌសីមាព្រំដែនជាឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំង ដែលជាការបំពានដោយផ្ទាល់លើអនុស្សរណៈ ឆ្នាំ២០០០ អាណត្តិរបស់ គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ(JBC) និងការប្តេជ្ញាចិត្តដែលបានកត់ត្រាក្នុងកិច្ចប្រជុំនៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) នឹងគណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ (RBC) នាពេលថ្មីៗនេះ ដែលថា៖
“ ភាគីទាំងពីរបានព្រមព្រៀងគ្នាមិនធ្វើសកម្មភាពបង្កហេតុដែលអាចបង្កើនភាពតានតឹង…ឬ ពង្រីកវិសាលភាព និងទំហំជម្លោះ”។
វិធានការជាឯកតោភាគីទាំងនេះ រួមទាំងការអនុវត្តក្រៅដែនដីនៃច្បាប់អាជ្ញាសឹកថៃ គឺជាការ រំលោភលើអធិបតេយ្យរបស់កម្ពុជា ដែលមិនអាចទទួលយកបាន និងជាការរំលោភយ៉ាងជាក់ច្បាស់ ចំពោះច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ លើសពីនេះ សកម្មភាពឯកតោភាគីទាំងនេះមិនត្រឹមតែ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កឱ្យមានហានិភ័យនៃការប្រឈមមុខ ដាក់គ្នាដោយហិង្សា។
ក្នុងស្មារតីបន្ធូរស្ថានការណ៍ និងមជ្ឈភាពអាស៊ាន ខ្ញុំសូមគោរពស្នើសុំជំនួយពីឯកឧត្តម ក្នុងនាម ជាប្រធានអាស៊ាន ដើម្បីជំរុញឱ្យប្រទេសថៃ៖
-ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះបទឈប់បាញ់ និងកិច្ចព្រមព្រៀងពាក់ព័ន្ធដែលសម្រេចបាន នៅទីក្រុងពុត្រាចាយ៉ា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំ GBC និង RBC នា ពេលថ្មីៗនេះ ហើយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពជាឯកតោភាគី ដែលអាចបង្កើនភាព តានតឹង និងពង្រីកទំហំ និងវិសាលភាពនៃជម្លោះ។
-ហាមប្រើកម្លាំងប្រឆាំងជនស៊ីវិល និងទ្រព្យសម្បត្តិ។
-រុះរើឧបសគ្គដែលទើបដាក់ថ្មីៗ ដូចជាលួសបន្លា និងសំបកកង់រថយន្ត ក្នុងតំបន់ដែលប្រជាពលរដ្ឋ ខ្មែរ បាននិងកំពុងរស់នៅរាប់ទសវត្សរ៍ និងក្នុងតំបន់ដែលការកំណត់ខណ្ឌសីមាព្រំដែននៅមិន ទាន់បានដោះស្រាយបញ្ចប់។
-បញ្ឈប់ផែនការបណ្តេញចេញដោយបង្ខំ និងអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបណ្តេញ ចេញរួចហើយ អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋាន និងដីរបស់ពួកគេវិញ។
-បញ្ឈប់ការប្រើប្រាស់ ឬគ្រោងប្រើប្រាស់កម្លាំងយោធា ដើម្បីធ្វើការកំណត់ខណ្ឌសីមាព្រំដែនជា ឯកតោភាគី ហើយអនុញ្ញាតឱ្យយន្តការទ្វេភាគីដែលមានស្រាប់ ដូចជា JBC បន្តធ្វើការងារ ដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលមានស្រាប់ និង
-ដោះលែងជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ព្រមទាំង បញ្ជូនត្រឡប់វិញ យោធិនកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតនៅក្រោមការឃុំគ្រងរបស់ភាគីថៃ។
បន្ថែមពីនេះ សម្ដេចធិបតី សូមអះអាងជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធ្វើការជាមួយប្រទេសថៃ និងអាស៊ាន ដើម្បីរក្សាស្ថិរភាព ជំរុញកិច្ចសហ ប្រតិបត្តិការ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនយើង។
បន្ទាប់ពីបានទទួលព័ត៌មានខាងលើ និងក្នុងស្មារតីនៃការប្តេជ្ញាចិត្តរួមចំពោះសន្តិភាព និងការ សន្ទនាក្នុងន័យស្ថាបនា ខ្ញុំសង្ឃឹមជឿជាក់ថា ឯកឧត្តម នឹងពិចារណាផ្តល់ការគាំទ្រដ៏មានតម្លៃ តាមរយៈ យន្តការសមស្រប ដើម្បីជួយជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រសិទ្ធភាពនូវបទឈប់បាញ់ និងកិច្ច ព្រមព្រៀងនានាដែលកម្ពុជា-ថៃសម្រេចបាន។ ការដឹកនាំ និងការចូលរួមចំណែកជាបន្តទៀតរបស់ ឯកឧត្តម ពិតជាមានសារៈសំខាន់ណាស់ក្នុងការរក្សាស្ថិរភាព និងជំរុញដំណោះស្រាយ សន្តិវិធីចំពោះ ស្ថានភាពបច្ចុប្បន្ន។
សូម ឯកឧត្តម ទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំ៕ដោយ៖តារា