ភ្នំពេញ ៖ រថយន្ត Mercedez បើកបរដល់ផ្លូវបំបែកជាបួន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្ត Lexus កំពុងបើកផ្លូវត្រង់ បង្កការខូចខាត ។ ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង ១២ នឹង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវបំបែកជាបួន ជិតស្ពាននាគវត្តភ្នំ តាមបណ្តោយផ្លូវ ព្រះនរោត្តម កែងផ្លូវលេខ ១០៨ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្ត Lexus 330 ពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2BE- 9926 បើកក្នុងទិសដៅពីជើងពីត្បូង តាមបណ្តោយផ្លូវ ព្រះនរោត្តម ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចផ្លូវបំបែកជាបួន ក៏ស្រាប់តែមាន រថយន្ត Mercedez C300 ពណ៍ខ្មៅ ទិសដៅពីកើតទៅលិច បណ្តោយផ្លូវលេខ ១០៨ បានឆ្លងផ្លូវមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ត Lexus បណ្តាលអោយរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុ ភាគីទាំងសងខាង បានធ្វើការចរចារគ្នាអស់រយៈពេលជាង ១ម៉ោង ទាល់តែសមត្ថកិច្ចជួយសម្របសម្រួល ទើបភាគីខាងរថយន្ត Mercedez ព្រមសងសំណងទៅកាន់ ម្ចាស់រថយន្ត Lexus ចំនួន ៨០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ដោយ ៖ ភារ៉ា ដង្កោ