ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងជាប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែកញ្ញា បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដោយក្នុងនោះ លោក Anwar បានជំរុញឲ្យភាគីថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធី និងនាំយកបញ្ហាទៅកាន់តុចរចា។
តាមរយៈការបង្ហោះលើបណ្តាញសង្គម Facebook របស់លោក Anwar, នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះសរសេរថា លោកនិងនាយករដ្ឋមន្ត្រីថៃ បានពិភាក្សាគ្នាអំពីការវិវត្តចុងក្រោយនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា។ លោកអំពាវនាវឲ្យភាគីទាំងពីរ រក្សាសន្តិភាពនិងចៀសវាងបង្កភាពតានតឹងដែលមិនចាំបាច់។
ទន្ទឹមនោះ លោក Anwar ក៏អំពាវនាវផងដែរឲ្យយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )។
យ៉ាងណា លោក Anwar ក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃ ឲ្យធ្វើទស្សនកិច្ចម៉ាឡេស៊ីផងដែរ ដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរដែលជាអ្នកជិតខាងនឹងគ្នា។
សូមជម្រាបថា ភាពតានតឹងចុងក្រោយរវាងកម្ពុជានិងថៃ កើតឡើងបន្ទាប់ពីទាហានថៃ បើកការឈ្លានពានជាថ្មី ឈានដល់ការប្រើអំពើហិង្សានិងប្រព្រឹត្តទង្វើដ៏សាហាវព្រៃផ្សៃមកលើពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ទាហានថៃបានបាញ់គ្រាប់កាំភ្លើងជ័រនិងប្រើឧស្ម័នបង្ហូរទឹកភ្នែកមកលើពលរដ្ឋកម្ពុជា ជាពិសេសព្រះសង្ឃនិងស្រ្តី បណ្តាលឲ្យរបួស២៩អង្គ-នាក់។
ជុំវិញបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ស្នើទៅប្រធានអាស៊ាន ឲ្យអន្តរាគមន៍បន្ទាន់ ដើម្បីបន្ធូរភាពតានតឹងរវាងកងកម្លាំងប្រដាប់អាវុធថៃ ជាមួយពលរដ្ឋកម្ពុជា៕ដោយ៖តារា