ខេត្តកណ្ដាល÷ អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកវិលឃាត់ខ្លួនជន សង្ស័យ១នាក់ពាក់ព័ន្ធករណីជួញដូរ,រក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។
សមត្ថកិច្ចស្រុកស្អាងបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១០និង៥០នាទីនៅចំណុច រោងរបស់ កែវ វិសាល(ក្ដាល់)ស្ថិតនៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាលមានជនសង្ស័យចំនួន ០៣នាក់កំពុងធ្វើសកម្មភាពជួញដូរនិងប្រើប្រាស់គ្រឿង ញៀនដោយសមត្ថកិច្ចឃាត់ខ្លួនម្នាក់និងគេចខ្លួនចំនួន ០២នាក់។ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ចាន់ លីធូ ភេទប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដទីលំនៅ ភូមិព្រែកតាជ្រូក ឃុំ ព្រែកគយ ស្រុកស្អាង វិជ្ជមាននូវសារធាតុញៀនក្នុងទឹកនោម(+)។
ជនសង្ស័យមានដីការបង្គាប់ឱ្យចាប់ខ្លួន១សន្លឹក។យោង ដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ ៣៦៣ ចខ/ងច ចុះថ្ងៃទីន២៨ ខែមេសា ឆ្នាំ២០២៥ របស់លោក សោ សុតាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ត្រូវចោទពីបទ ៖ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ។
ជនសង្ស័យដែលគេចខ្លួនឈ្មោះ កែវ វិលាស ហៅក្ដាល់ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាវ៉ា ឃុំទឹកវិល ស្រុកស្អាង និងឈ្មោះ ទូ មិនស្គាល់អត្តសញ្ញាណ មានទីលំនៅ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។
វត្ថុតាងចាប់យក ១.សារធាតុញៀនមេតំហ្វេតាមីន(ice) ចំនួន ០១កញ្ចប់មធ្យម ទម្ងន់ ៨.៥៥ ក្រាម។ ២-ទូរសព្ទម៉ាក oppo ពណ៍ខៀវ ១គ្រឿងនិង៣- ឧបករណ៍សម្រាប់ប្រើប្រាស់ និងសម្រាប់វិចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕