ក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន៖ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតុមូលស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ កឋលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិណាននីង ក្រោមប្រធានបទ “ការអនុវត្ត និងកិច្ចសហប្រតិបត្តិការលើបញ្ញាសិប្បនិម្មិតរវាងចិន និងអាស៊ាន”។
លោកអគ្គលេខាធិការរង បានលើកឡើងអំពីទំនាក់ទំនងប្រកបដោយថាមវន្តរវាងអាស៊ាន និងចិន ដោយចិនជាដៃគូសន្ទនាដំបូងគេបង្អស់ដែលអាស៊ានបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ខណៈបច្ចុប្បន្នអាស៊ាន និងចិនជាដៃគូពាណិជ្ជកម្មធំជាងគេទៅវិញទៅមក ហើយចិនជាវិនិយោគិនដ៏សំខាន់នៅតំបន់អាស៊ាន។ ចិនជាមិត្តចាស់របស់កម្ពុជាដែលបានភ្ជាប់ទំនាក់ទំនងការទូតអស់រយៈពេល៦៧ឆ្នាំមកហើយ ដែលទំនាក់ទំនងដ៏យូរលង់នេះបានធ្វើឱ្យចិនក្លាយជាអ្នកវិនិយោគធំជាងគេ ដៃគូពាណិជ្ជកម្មធំជាងគេ និងជាប្រភពទេសចរធំជាងគេរបស់កម្ពុជា។
ឆ្លៀតឱកាសនៃកិច្ចប្រជុំខាងលើ មន្ត្រីជាន់ខ្ពស់រូបនេះក៏បានជម្រាបជូនអង្គប្រជុំអំពីបច្ចុប្បន្នភាពថ្មីៗនៃគោលនយោបាយវិនិយោគ ដែលរាជរដ្ឋាភិបាលបានកែលម្អឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលដើម្បីផ្តល់ភាពអំណោយផលដល់វិនិយោគិនគ្រប់ជាតិសាសន៍ និងការដាក់ឱ្យដំណើរការសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចមានជាអាទិ៍ថ្នាល CDC Investment Project Management (cdcIPM) និងប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window)។
ជាកិច្ចបញ្ចប់ លោកបានបញ្ជាក់ជូនអង្គវេទិកាអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមិត្តចិន និងអាស៊ាន ដើម្បីចាប់យកឱកាសពីបញ្ញាសិប្បនិម្មិត, ធ្វើឱ្យស៊ីជម្រៅភាពជាដៃគូសេដ្ឋកិច្ច, និងបង្កើតនូវសហគមន៍អនាគតរួមគ្នារវាងចិននិងអាស៊ាន៕