អង់គ្លេស៖ កាសែតយក្សអង់គ្លេស REUTERS បានចុះផ្សាយចំៗ និងធ្វើរូបភាពត្លុកជាច្រើនរូបថាប្រទេសថៃគឺជាស្ពានឆ្លងសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍សម្រាប់ក្រុមសំបុកឧក្រិដ្ឋកម្មឆ្លងកាត់ចូលទៅដល់ក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីធ្វើការបោកប្រាស់ជនរងគ្រោះក្នុងរូបភាពទទួលបានប្រាក់បៀវត្សខ្ពស់ និងមានកន្លែងស្នាក់នៅសមរម្យ។ កាសែតដដែលអះអាងទៀតថា មានជនរងគ្រោះជាច្រើនបានឆ្លងកាត់ប្រទេសថៃ និងរងការបោកប្រាស់តាមប្រព័ន្ធអនឡាញ។
យោងតាមប្រភពដដែល នៅក្នុងតំបន់ដែលគ្មានច្បាប់នៃព្រំដែនមីយ៉ាន់ម៉ា-ថៃ បរិវេណដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជនចិន មានជនរងគ្រោះជាបរទេសជាច្រើននាក់រងការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងឆ្លងកាត់ប្រទេសចូលដល់មីយ៉ាន់ម៉ារងការធ្វើបាបនិងចាប់ជំរិតទារប្រាក់រាប់សិបលានដុល្លារជាថ្នូរនឹងការដោះលែងវិញ។ កាសែត Reuters បានរកឃើញថា ប្រទេសថៃបានក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់សម្រាប់ជនរងគ្រោះពីការជួញដូរ។
ផ្អែកលើការសម្ភាសន៍ជាច្រើនខែជាមួយមនុស្សប្រាំបួននាក់មកពីទ្វីបអាហ្រ្វិក អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ដែលត្រូវបានជួញដូរទៅមជ្ឈមណ្ឌលបោកប្រាស់ក្នុងប្រទេសមីយ៉ាន់ម៉ាចន្លោះឆ្នាំ ២០២២ និងឆ្នាំ ២០២៥ ថៃបានក្លាយជាស្ពានឆ្លងដ៏សំខាន់សម្រាប់នាំជនរងគ្រោះទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងរូបភាពត្លុកដដែល កាសែត REUTERS បានរៀបរាប់ពីរបៀបជនរងគ្រោះធ្វើដំណើរទៅកាន់ប្រទេសថៃ និងរហូតដល់ឆ្លងកាត់ចូលក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានគេបោកប្រាស់ឲ្យធ្វើការនិងជំរិតទារប្រាក់។ តាមការបញ្ជាក់របស់ REUTERS ដដែលឱ្យដឹងទៀតថា មានជនរងគ្រោះប្រមាណ ២ពាន់នាក់ទៀតកំពុងតែរង់ចាំការធ្វើមាតុភូមិនិវត្តន៍ និងស្វែងរកជំនួយ៕ ដោយ៖តារា