ខេត្តកំពង់ឆ្នាំង ៖ ជុំវិញការប្រទះឃើញយុវតីម្នាក់ដេកស្លាប់នៅក្នុងផ្ទះ រហូតដល់ធុំក្លិនស្អុយដល់អ្នកជិតខាង បង្កឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី១៨ កញ្ញា ឆ្នាំ២០២៥ នោះនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចនគរបាលបញ្ជាក់ថា គឺជាករណីឃាតកម្មដោយយុវតីរងគ្រោះត្រូវបានជនពុំស្គាល់មុខចាក់ជាច្រើនកាំបិត ។
ក្រោយការពិនិត្យនិងធ្វើកុសល្យវិច័យ ដែលដឹកនាំដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងទៅលើសពយុវតីរងគ្រោះ សមត្ថកិច្ចបានបញ្ជាក់ថា យុវតីរងគ្រោះមានឈ្មោះ ធឿន ជីន អាយុ១៦ឆ្នាំ រស់នៅភូមិសូវង្ស ភូមិតាជេស ស្រុកកំពង់ត្រឡាច ។ យុវតីរងគ្រោះត្រូវបានជនដៃដល់ចាក់ជាច្រើនកាំបិតចាប់ពីក្បាលរហូតដល់ជើងនៅក្នុងលំនៅឋានរបស់យុវតីរងគ្រោះ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា កាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០២៥ លោកយាយម្នាក់ ដែលរស់នៅជិត ខាងបានបបួលយុវតីរងគ្រោះទៅវត្តក្នុងថ្ងៃកាន់បិណ្ឌទី៩ នាងបានយល់ព្រមថានឹងទៅជាមួយ ដោយឲ្យលោក យាយទៅមុន នាងទៅតាមក្រោយ ។ ប៉ុន្តែពេលលោក យាយទៅដល់វត្តមិនឃើញនាងទៅទេ ។ លុះត្រឡប់មកវិញ លោកយាយក៏មិនចាប់អារម្មណ៍ដែរ ស្មានតែយុវតីរងគ្រោះដើរទៅលេងឯណា រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ទើបប្រទះឃើញនាងដេកស្លាប់ក្នុងផ្ទះតែម្ដង ។
បើតាមការពិនិត្យស្ថានភាពសពហើមស្អុយបែបនេះ សមត្ថកិច្ចសង្ស័យថា សពត្រូវបានគេចាក់សម្លាប់តាំងពីយប់ថ្ងៃទី១៦ កញ្ញា គឺមានរយៈពេល២ យប់៣ថ្ងៃ ទើបធុំក្លិនស្អុយចេញមកក្រៅ ហើយអ្នកជិតខាងទៅកើតមើលទើប បានប្រទះឃើញសពយុវតីរងគ្រោះមានក្លិន ស្អុយទៅហើយ។
ប្រភពដដែលបានបន្តថា យុវតីរងគ្រោះមានឪពុកឈ្មោះថន ធា អាយុ៤៣ឆ្នាំ ម្ដាយឈ្មោះម៉េង អង់ អាយុ៤០ឆ្នាំ ។ ឪពុកម្ដាយយុវតីរងគ្រោះបានបែកបាក់គ្នា ដោយម្ដាយបែកទៅរស់នៅជាមួយប្ដីថ្មី ចំណែកឪពុកមានមុខរបររត់ម៉ូតូកង់បីដោយទៅប្រកបរត់ម៉ូតូកង់បីនៅឃុំឆ្នុកទ្រូស្រុក បរិបូណ៌៤ទៅ១០ថ្ងៃទើបមកផ្ទះម្ដង ។ យុវតីរងគ្រោះរស់ នៅតែម្នាក់ឯង ក្រោមការឧបត្ថម្ភប្រាក់ពីឪពុកដែលប្រកបរបររត់ម៉ូតូកង់បីនៅឃុំឆ្នុកទ្រូផ្ញើមកឱ្យនាង។
សមត្ថកិច្ចនគរបាលដែលចុះពិនិត្យធ្វើកោសល្យវិច័យបានបញ្ជាក់ថានារីរងគ្រោះត្រូវជនពុំស្គាល់មុខចាក់ចំក្បាល បំពង់.ក ដើមទ្រូង ដៃ និងជើង ជាច្រើនកាំបិតឡើងសុះសាច់ ។ សមត្ថកិច្ចកំពុងមមារញឹកស្រាវជ្រាវស៊ើបអង្កេត ដើម្បីស្វែងរកឃាតករយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕