ខេត្តតត្បូងឃ្មុំ÷ ករណីប្រទះឃើញសាកសពមួយនៅមានការសន្និដ្ឋានថា ក្រុមឃាតករមានគ្នាយ៉ាងហោចណាស់ក៏២នាក់ដែរបានសម្លាប់បុរសម្នាក់សង្ស័យជាជនជាតិចិនម្នាក់រួចដឹកតាមមធ្យោបាយយានយន្តណាមួយមកទម្លាក់ចោលនៅក្នុងដីចម្ការពោតមួយកន្លែងស្ថិតនៅឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ។ ដោយខ្លាចមនុស្សម្នាដឹង ក្រុមឃាតករបានជីកដីកប់ដើម្បីបំបាត់ភស្តុតាង ប៉ុន្តែការកប់នោះមិនបានជ្រៅនោះទេ លុះពេលភ្លៀងធ្លាក់មកធ្វើឲ្យដីហូរច្រោះក៏ឃើញសក់ក្បាលមនុស្ស ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមកម្មករនិងសមត្ថកិច្ចចុះទៅពិនិត្យសពជនរងគ្រោះជាបន្ទាន់។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងនាព្រឹកថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៥ ថា មុនកើតហេតុ កម្មករស៊ីឈ្នួលបានដើរបាចជីដាក់ចំការពោត១កន្លែងដែលមានទីតាំងស្ថិតនៅភូមិទី១០.១១ ឃុំរកាពប្រាំ ដោយពេលដើរចុះឡើងពីកន្លែងមួយទៅកន្លែងមួយ។ លុះចុងក្រោយនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២១ កញ្ញា ក៏ប្រទះឃើញសក់ក្បាលមនុស្ស សង្ស័យក៏ដើរទៅមើលហើយយកឧបករណ៍រឹងកាយដីទើបដឹងថាក្បាលមនុស្សស្លាប់ត្រូវបានគេកប់ក្នុងដីចំការពោត។
សមត្ថកិច្ចមូលដ្ឋានបន្តថា ក្រោយដឹងនិងផ្អើលឆោឡោក៏រាយការណ៍ទៅឆ្មាំការពារចំការកៅស៊ូ បានទូរស័ព្ទរាយការណ៍ថា មានប្រជាពលរដ្ឋប្រទះឃើញមានសាក សពមនុស្សកប់ដី ស្ថិតនៅចំណុចចំចំការពោតក្នុងឡូត៍ចំការកៅស៊ូលេខ១០-១២ឌី ភូមិ១០.១១ ឃុំរកាពប្រាំ ។
ក្រោយទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាពប្រាំ បានចុះដល់កន្លែង កើត ហេតុ ប្រទះឃើញក្បាលជនរងគ្រោះចេញពីរណ្តៅ។ បន្ទាប់មកធ្វើការកាយនិងលើកសពចេញមកពិនិត្យ មើល សពជនរងគ្រោះនេះជាមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ និងជាជនបរទេស (សង្ស័យជាជនជាតិចិន)។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានចាត់ឲ្យកម្លាំងជំនាញការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចុះពិនិត្យសាកសពដោយពិនិត្យមើលភិនភាគមិនមែនជាជនជាតិខ្មែរនោះទេ អាចជាជនជាតិចិនច្រើនជាង។
លោកវីរៈសេនីយ៍ឯកសាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានទាក់ទងតាមបណ្ដាប៉ុស្តិ៍រដ្ឋបាលនានាក្នុងស្រុកត្បូងឃ្មុំតែមិនមានបងប្អូនសមាជិកក្រុមគ្រួសារណាម្នាក់បាត់នោះទេ។
ក្រោយពិនិត្យបានយ៉ាងល្អិតល្អន់ដោយមានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យធ្វើកោសល្យវិច័យរួចរាល់ក៏បានបញ្ជូនសពទៅកាន់រាជធានីភ្នំពេញដើម្បីពិនិត្យDNA ។
ករណីនេះប្រជាជននៅក្នុងមូលដ្ឋានលើកឡើងថា ក្រុមឃាតករយ៉ាងហោចណាស់មានគ្នាចំនួន ២នាក់ ធ្លាប់ធ្វើដំណើរឆ្លងកាត់តាមតំបន់នេះទើបស្គាល់មូលដ្ឋានច្បាស់ លាស់ហើយសាកសពនេះអាចត្រូវបានគេសម្លាប់ពីចម្ងាយហើយដឹកតាមរថយន្តយកមកជីកកប់ដាក់ក្នុងដីចំការពោតដើម្បីបំបាត់ភស្តុតាងកុំឱ្យអ្នកណាដឹង។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចសប្បុរសជនជាតិចិននេះអាចត្រូវគេសម្លាប់កប់នៅពេលយប់ថ្ងៃទី២០ កញ្ញា លុះមានភ្លៀងធ្លាក់មួយមេធំធ្វើឱ្យដីហូរច្រោះ ក៏ប្រទះ ឃើញសក់ក្បាលសពជនរងគ្រោះទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ធ្វើការស្រាវ ជ្រាវរកមុខក្រុមឃាតករ ៕