ខេត្តព្រៃវែង ៖ បុរសចំណាស់ម្នាក់ ត្រូវបានក្មេងទំនើងទាញកាំបិតដេញកាប់រត់ផ្អើលពេញភូមិ ដោយសារតែនិយាយណែនាំកុំឲ្យសៀតកាំបិតផ្គាក់នឹងចង្កេះដើរអួតសម្ញែងគេ។
ករណីហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥០ នាទីល្ងាច ថ្ងៃទី២២ កញ្ញា នៅចំណុចភូមិត្រពាំងចាម ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ជនរងគ្រោះក្នុងហេតុការណ៍នេះ មានឈ្មោះ ជីង ចាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើត ហេតុ ត្រូវបានជនសង្ស័យឈ្មោះ ភាព លាក់ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា កាប់ត្រូវចំនួនពីរកាំបិតផ្គាក់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុ។
ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកស៊ីធរកណ្ដាលឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានយកកាំបិតផ្គាក់ សៀត និងចង្កេះដើរអួតសម្ញែងគេពេញភូមិ ។ ឃើញបែបនេះជនរងគ្រោះ ជីង ចាន់ ដែលជាចាស់ទុំក្នុងភូមិបាននិយាយណែនាំថា ចៅអើយ កុំយកកាំបិតផ្គាក់សៀតចង្កេះដើរសម្ញែងគេបែបនេះ អ្នកស្រុកអ្នកភូមិគេខ្លាច ហើយប្រយ័ត្នប៉ះក្រុមក្មេងស្ទាវវាឃើញនាំកើតរឿងរ៉ាវ ប៉ុន្តែជនសង្ស័យមិនស្ដាប់ បែរជាខឹងជនរងគ្រោះ ហើយក៏រត់ដេញកាប់ជនរងគ្រោះផ្អើលពេញភូមិតែម្ដង។
ប្រភពដដែលនេះបានបន្តថា ពេលជនសង្ស័យរត់ដេញកាប់ ជនរងគ្រោះបានស្រែកហៅអ្នកស្រុកឲ្យជួយធ្វើឲ្យមានការភ្ញាក់ផ្អើលឡើង អ្នកខ្លះជួយឃាត់ និងខ្លះទៀតរាយការណ៍ទៅសមត្ថកិច្ច ចុះទៅចាប់ជនសង្ស័យបានភ្លាមៗ និងបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍រដ្ឋបាលកសាងសំណុំរឿងទៅតាមនីតិវិធី ៕