ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ៖ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួលចម្រុះនៃប្រទេសទាំងពីរបានជួបប្រជុំលើកដំបូង តាមប្រព័ន្ធ VTC ដោយយោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ដែលភាគីទាំងពីបានឯកភាពគ្នាឱ្យបង្កើតក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) ក្នុងការងារដោះមីនមនុស្សធម៌ នៅតំបន់អាទិភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលនឹងត្រូវព្រមព្រៀងដោយភាគីទាំងពីរ ។

គួររំលឹកផងដែរថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផល ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ ៕

...

ប្រភព ៖ ក្រសួងការពារជាតិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print