សារព័ត៌មាន Reuters នាថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានផ្សាយថា គ្រោះទឹកជំនន់នៅរដ្ឋ Kolkata ប្រទេសឥណ្ឌា បានសម្លាប់មនុស្សយ៉ាងហោច១២នាក់ ស្របពេលដែលភ្លៀងបានធ្លាក់យ៉ាងខ្លាំងក្លា លើទីក្រុង Kolkata នៅភាគខាងកើតប្រទេសឥណ្ឌា និងតំបន់ជុំវិញនោះ។
ប្រធាននាយកដ្ឋានឧតុនិយមឥណ្ឌាប្រចាំទីក្រុង Kolkata បានឱ្យដឹងថា វាជាការធ្លាក់ភ្លៀងខ្លាំងបំផុតមិនធ្លាប់មានឡើយនៅទីក្រុងនេះ គិតចាប់តាំងតែពីឆ្នាំ១៩៨៨មក។ ប៉ូលិសបានប្រាប់ថា មនុស្ស៩នាក់បានបាត់បង់ជីវិត នៅទីក្រុង Kolkata ដែលភាគច្រើនគឺដោយសារឆក់ខ្សែភ្លើង ហើយ២នាក់បានលង់ទឹក ខណៈមួយចំនួនផ្សេងទៀត នៅតំបន់ជុំវិញនោះ ក៏បានស្លាប់ផងដែរ។
ភ្លៀងធ្លាក់ខាងលើ បានបង្កការជន់លិចធ្ងន់ធ្ងរនៅក្នុងទីក្រុង Kolkata ដោយចរាចរណ៍ទាំងតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស សុទ្ធតែបានរងការប៉ះពាល់ ហើយក៏មានការដាច់ចរន្តអគ្គិសនីយូរម៉ោង នៅតាមតំបន់ជាច្រើនថែមទៀតផង។ ប្រការនេះបង្កជាឧបសគ្គចំពោះការត្រៀមលក្ខណៈរៀបចំ សម្រាប់ពិធីបុណ្យ Durga Puja ដែលជាបុណ្យធំបំផុតប្រចាំឆ្នាំរបស់សាសនិកហិណ្ឌូ នៅរដ្ឋ West Bengal។
បើតាមការព្យាកររបស់អាជ្ញាធរឧតុនិយម នៅរដ្ឋ West Bengal ព្រមទាំងតំបន់ភាគខាងកើតនៃប្រទេសឥណ្ឌា នឹងបន្តរងការធ្លាក់ភ្លៀងខ្លាំង សម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត ដោយសារតែឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប នៅលើឆកសមុទ្រ Bengal៕
រូបថត: TTXVN