លោក ហ៊ុន ម៉ានី ៖ បច្ចុប្បន្ន សម្តេចព្រះវររាជមាតាជាតិខ្មែរ កំពុងគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព

ចែករំលែក៖

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រលប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហោះលើបណ្តាញសង្គម យោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង អំពីដំណឹងព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានឱ្យដឹងថា បច្ចុប្បន្ន សម្តេចព្រះវររាជមាតាជាតិខ្មែរ កំពុងគង់ប្រថាប់នៅមន្ទីរពេទ្យដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព។

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ ទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយព្រះស័ព្ទសាធុការពរជ័យបវរមហាប្រសើរគ្រប់ប្រការថ្វាយព្រះអង្គទាំងទ្វេ សូមគុណបុណ្យបារមីវត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិិយានី គ្រប់ព្រះអង្គ យាងប្រោះព្រំ បីបាច់រក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងហ្លួងយាយ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះរាជសុខភាពបរិបូរណ៍ ព្រះរាជកាយពលរឹងមាំ និងព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ដើម្បីគង់ប្រថាប់ជាម្លប់ដល់កូនចៅ ចៅទួតជាយូរអង្វែងតទៅទៀត។

ទូលព្រះបង្គំជាខ្ញុំសូមសម្តែងថ្វាយនូវកត្តញ្ញុកតវេទីដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះព្រះអង្គទាំងទ្វេដែលទ្រង់តែងតែមានព្រះរាជហឬទ័យនឹករឭកដល់ប្រជារាស្រ្តជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅទូទាំងប្រទេស និងជាពិសេសព្រះរាជហឫទ័យព្រួយបារម្ភដល់យុទ្ធជន យុទ្ធនារីនៅតាមព្រំដែនដែលកំពុងជួបទុក្ខលំបាកផងដែរ។

សូមព្រះករុណាជាអម្ចាសជីវិតលើត្បូង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលយកនូវសេចក្តីក្រាបបង្គំដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print